ក្នុងពិធីព្យុហយាត្រា ទាហានស្រីម្នាក់របស់រុស្ស៊ី បានរបូតស្បែកជើង ប៉ុន្តែនាងនៅតែធ្វើដំណើរដោយជើងទទេទៅតាមក្បួនដង្ហែទទួលបានការកោតសរសើរយ៉ាងខ្លាំង។ ក្រោយបង្ហោះរូបភាពនិងរឿងរ៉ាវលើបណ្តាញសង្គមមក គឺនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឲ្យរហ្សសនាមនាងថាស៊ិនដេរីឡា (cinderella)២០២០របស់រុស្ស៊ី។
ទាហានស្រីខាងលើមានឈ្មោះKsenia Kalchinskaya អាយុ២៦ឆ្នាំ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ដោយនាងបានដោះស្រាយស្ថានភាពល្អ បើទោះបីរបូតស្បែកជើងមួយចំហៀងក្តី ក៏នៅតែរក្សាជំហររហូតដល់ក្បួនដើរបានបញ្ចប់។ មិនតែប៉ុណ្ណោះ នាងមានរូបសម្រស់ដ៏ស្រស់ស្អាត ទាក់ទាញខ្លាំង ទើបគេឲ្យឈ្មោះថាជា ស៊ិនដេរីឡា។
ដោយឃើញសកម្មភាព និងការដោះស្រាយស្ថានភាពបានល្អ មិនប៉ះពាល់ដល់ក្បួនដង្ហែ ឧត្តមនាវី Alexander Nosatov មេបញ្ជាការកម្លាំងកងពលប្រចាំសមុទ្រBaltic របស់ទាហានរុស្ស៊ីបានចាប់អារម្មណ៍យ៉ាងខ្លាំង ក៏បានស្នើដល់កងពលផ្តល់អត្តសញ្ញាណ ដើម្បីទទួលបានរង្វាន់លើកទឹកចិត្ត។
ឧត្តមនាវី Alexander Nosatov បានលើកឡើងថា«ទោះបីរបូតស្បែកជើងមួយចំហៀងក្តី ក៏នាងនៅតែបោះជំហានបានយ៉ាងល្អ គ្មានអ្នកណាម្នាក់ដឹងថានាងដើរជើងទទេនោះឡើយ។ សូមផ្តល់អត្តសញ្ញាណដើម្បីលើកទឹកចិត្តដាច់ដោយឡែកលើរូបនាង»។
សូមបញ្ជាក់ថា ពិធីដង្ហែក្បួនព្យុហយាត្រាត្រូវបានធ្វើឡើងនៅថ្ងៃ២៤ ខែមិថុនា កន្លងមក៕ដោយ៖ធី រីណា