អាស៊ាន៖ រដ្ឋាភិបាលក្រុងម៉ានីល និងរដ្ឋាភិបាលទីក្រុងហាណូយ បានសម្ដែងក្តីព្រួយបារម្ភដូចគ្នាពីការកើនឡើងបញ្ហាអសន្តិសុខនៅក្នុងតំបន់ ជាពិសេសនៅតំបន់មានជម្លោះសមុទ្រចិនខាងត្បូង។ ប្រមុខដឹកនាំទាំងពីរ បានមើលឃើញថា ភាគីពាក់ព័ន្ធខ្លះបានបង្កើនសកម្មភាពបំពាន ខណៈនៅក្នុងតំបន់ និងពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសរាតត្បាត Covid-19។
យោងតាមរយៈកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃ២៦ មិថុនា លោកប្រធានាធិបតីហ្វីុលីពីន Rodrigo Duterte បានលើកឡើងក្នុងអង្គប្រជុំថា ទោះបីតំបន់អាស៊ីអាគ្នេយ៍កំពុងតែប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ក៏ដោយ ក៏ការប៉ះទង្គិចគ្នានៅក្នុងសមុទ្រចិនខាងត្បូងបានបន្តកើតឡើង ដែលបង្កដោយភាគីខ្លះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post។
ខណៈមិនបញ្ជាក់ចំឈ្មោះភាគីឬប្រទេស ដែលនៅបន្តសកម្មភាពបំពាននោះ លោកប្រធានាធិបតីហ្វីុលីពីនរូបនេះ តាមរយៈវេទិកាក្នុងតំបន់ បានទទូចឲ្យភាគីពាក់ព័ន្ធរឹតត្បិតសកម្មភាពរបស់ខ្លួនដើម្បីធានាពីការការពារ និងទប់ស្កាត់ភាពតានតឹង ក៏ដូចជាបង្ហាញពីការទទួលខុសត្រូវក្រោមច្បាប់អន្តរជាតិផង។
ស្រដៀងគ្នានេះដែរ ក្នុងវេទិកាដដែលនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានកត់សម្គាល់ផងដែរថា ទាំងច្បាប់និងស្ថាប័នអន្តរជាតិ បានរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរអំឡុងពេលនៃការផ្ទុះឡើ់ងវិបត្តិសាកលនេះ។ លោក សំដៅលើបណ្តាប្រទសមួយចំនួនបានឆ្លៀតឱកាសនេះដើម្បីធ្វើសកម្មភាពឯកតោភាគីសម្រាប់បម្រើផលប្រយោជន៍របស់ខ្លួន។
ជាប្រធានវិលជុំអាស៊ាន លោកនាយករដ្ឋមន្ត្រី ព្យាយាមមិននិយាយចំឈ្មោះប្រទេសណាឡើយ ដោយលោករំលេចថា មានសកម្មភាពបង្ករឿងនិងបំពានច្បាប់អន្តរជាតិជាច្រើនករណីបានកើតឡើង និងបានប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ ស្ថិរភាពនៅតំបន់មួយចំនួនរាប់បញ្ចូលទាំងអាស៊ីអាគ្នេយ៍។
គួររម្លឹកផងដែរថា កាលពីខែមេសាកន្លងទៅ ទាំងហ្វីុលីពីន និងវៀតណាម បានដាក់ពាក្យបណ្តឹងតវ៉ាទៅកាន់ចិន បន្ទាប់ពីចិនបានប្រកាសដោយឯកតោភាគីក្នុងការបង្កើតតំបន់រដ្ឋបាលថ្មីនៅក្នុងប្រជុំកោះដែលជាផ្នែកមួយនៃសមុទ្រចិនខាងត្បូង ដែលហ្វីុលីពីន និងវៀតណាម បានទាមទារជាតំបន់កម្មសិទ្ធិរបស់ខ្លួនផងដែរនោះ។
ជាមួយគ្នានេះ នៅដើមខែមិថុនានេះ រដ្ឋាភិបាលអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍ព្រមានពីសកម្មភាពគឃ្លើនរបស់ចិននៅតំបន់មានវិវាទជាមួយនឹងបណ្តាប្រទេសជិតខាងខ្លួន។ អាមេរិកបានចោទចិនថា ស្របពេលដែលពិភពលោកកំពុងតែជួបផលលំបាកនៃការប្រយុទ្ធប្រឆាំងវីរុស Covid-19 ចិនបានឆ្លៀតធ្វើសកម្មភាពឯកតោភាគីក្នុងតំបន់សមុទ្រចិនខាងត្បូង(តំបន់វិវាទជាមួយនឹងរដ្ឋអាស៊ាន) និងសមុទ្រចិនខាងកើត (តំបន់វិវាទជាមួយនឹងជប៉ុន)៕
ដោយ៖ស សម