រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah និង អភិបាលទីក្រុងញូវដេលីលោក Delhi Arvind Kejriwal នៅថ្ងៃទី ២៨ ខែមិថុនា បានទៅត្រួតពិនិត្យមជ្ឈមណ្ឌល ព្យាបាលជំងឺកូវីដ-១៩ បណ្តោះអាសន្ន Sardar Patel ដែលមានគ្រែពេទ្យព្យាបាលដល់ទៅ១ម៉ឺនគ្រែ បានសាងសង់ឡើងនៅតំបន់Chhatarpurទីក្រុង Delhi។
មជ្ឈមណ្ឌុលព្យាបាលកូវីដ-១៩ Sardar Patel ជាទីតាំងព្យាបាលជំងឺកូវីដ-១៩ធំបំផុតនៅលើពិភពលោក ។ ពេលនេះ មានគ្រែពេទ្យចំនួន២ពាន់បានត្រៀមរួចរាល់ដើម្បីទទួលអ្នកជំងឺ។
តាមសារព័ត៌មានHindustan Times បានផ្សាយថា រដ្ឋាភិបាលទីក្រុង ញូវដេលី បានផ្តល់សិទ្ធិឲ្យអង្គការក្រៅរដ្ឋាភិបាល Radha Soami Satsang Beas ជាអ្នកសាងសង់មជ្ឈមណ្ឌលខាងលើ ដែលមានទំហំធំជាងពហុកីឡដ្ឋានដល់ទៅ២២ដង។ ទីតាំងនោះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនិងមធ្យម។
ក្រៅពីនេះរដ្ឋាភិបាលទីក្រុងញូវដេលី បានបង្កើនចំនួនគ្រែពេទ្យនៅមន្ទីរពេទ្យបណ្តោះអាសន្ននៅសណ្ឋាគារចំនួន៤០ និងអគារសម្រាប់ពិធីជប់លៀង៧៧កន្លែង អាចដាក់គ្រែពេទ្យបានដល់ទៅ១៥.៨០០គ្រែ។
មិនតែប៉ុណ្ណោះ សូម្បីតែទូរថភ្លើងចំនួន៥០ក៏ត្រូវធ្វើជាទីតាំងសម្រាប់ព្យាបាលកូវីដ-១៩ផងដែរ។
នៅថ្ងៃទី២៨ ខែមិថុនា ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ ដល់ទៅ ១៩.៩០៦ នាក់ ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅឥណ្ឌាកើនឡើងដល់ទៅ៥២៨.៨៥៩នាក់ ក្នុងនោះមានអ្នកស្លាប់១៦.០៩៥ នាក់ ៕ដោយ៖ធី រីណា