ខេត្តស្វាយរៀង៖ កមារា២នាក់បានលង់ទឹកបៀធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងក្រុមគ្រួសារប្រញាប់ប្រញាល់ជួយស្រង់និងធ្វើចលនាដៃជើងរួចដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត តែជាអកុសលជួយបានម្នាក់និងម្នាក់ទៀតបានស្លាប់ទៅហើយដោយមូលហេតុនាំគ្នាទៅមើលគោហើយឆ្លៀតចុះលេងទឹកបៀ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០នៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះសូ ឌីណា អាយុ៨ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ចំណែកក្មេងប្រុសដែលសង្គ្រោះទាន់មានឈ្មោះតាក់ បញ្ញា អាយុ៨ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុក្មេងប្រុសទាំង២នាក់នេះបាននាំគ្នាទៅមើលគោនៅឯវាលស្រែមានចម្ងាយពីផ្ទះប្រមាណជិត១០០០ម៉ែត្រ។
ពេលឃ្វាលគោនោះក្មេងទាំង២ក៏ឆ្លៀតនាំគ្នាចុះមុជទឹកបៀលេងហើយប្រមាណជា១០នាទីក្រោយមកស្រាប់តែឮសំឡេងស្រែកហៅឱ្យជួយទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារតែម្ថង។
បច្ចុប្បន្នក្មេងប្រុសដែលគ្រូពេទ្យជួយសង្គ្រោះទាន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំណែកអ្នកស្លាប់ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន