ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូលចិន Super League នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៥ ខែកក្កដា

ចែករំលែក៖

សមាគមបាល់ទាត់ចិន (CFA) បានប្រកាសកាលពីម្សិលមុិញថា ការពន្យារពេលរដូវកាលលីកកំពូលចិន Chinese Super League (CSL) កាលពីថ្ងៃទី២២ ខែកុម្ភៈនឹងចាប់ផ្តើមប្រកួតវិញនៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ។ ចំណែកកាលវិភាគនៃការប្រកួតបាល់ទាត់អាជីពលំដាប់ទី២ និងទី៣ របស់ចិនមិនទាន់ត្រូវបានគេសម្រេចចិត្តនៅឡើយទេ។

សេចក្តីប្រកាស CFA បានបន្តថា ទីក្រុងស៊ូចូវ ក្នុងខេត្តជាំងស៊ូភាគខាងត្បូងប្រទេសចិន និងទីក្រុងដាលីន នៅខេត្តលីននីង ភាគខាងជើងត្រូវបានជ្រើសរើសជាទីក្រុងម្ចាស់ផ្ទះទាំង២ដើម្បីចាប់ផ្តើមរដូវកាលនេះបន្ត ។

សេចក្តីប្រកាសដដែលអះអាថា ការប្រកួតបន្តលីកកំពូលរបស់ចិននេះនឹងលេងដោយបិទទ្វារ។ ក្រុមទាំងមូល នឹងត្រូវបែងចែកជា២ពូលដែលនឹងធ្វើទៅតាមទម្រង់លេងបែបវិលជុំក្រៅផ្ទះតាមបែបប្រពៃណីដោយក្រុមកំពូលទាំង៤ ក្នុងពូលនីមួយៗត្រូវឈានទៅវគ្គផ្តាច់ព្រ័ត្រ Final A និងក្រុមលេខ៤ធ្លាក់ចូលវគ្គផ្តាច់ព្រ័ត្រ Final B ។

គណៈគ្រប់គ្រងបាល់ទាត់ប្រទេសចិនក៏បាននិយាយដែរថា ស៊ីអេសអិលនឹងបើកទីផ្សារដោះដូរកីឡាករជាលើកទី២នៃរដូវកាលចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី២៩ ខែកក្កដា ខណៈលើកទី៣នឹងត្រូវធ្វើឡើងនៅពេញមួយខែកញ្ញា។

យោងទៅតាម CFA ក្លឹបលីកកំពូលចិននីមួយៗអាចចុះឈ្មោះផ្លាស់ប្តូរ និងផ្ទេរកីឡាករបានចំនួន៥ដោយគ្មានការរឹតត្បិតអាយុក្នុងកំឡុងពេលបើកទ្វារទិញដូរកីឡាករទាំង៣លើកនេះទេ។

លើសពីនេះក្លឹបនៅលីកកំពូលចិននីមួយៗអាចចុះឈ្មោះទិញយកកីឡាករបរទេសមិនលើសពី៦នាក់នៅក្នុងពេលវេលាដោះដូរកីឡាករលើកទី១ដែលបានកំណត់ខាងលើនោះទេ។ កីឡាករបរទេសជាអតិបរមាចំនួន៧នាក់អាចចុះឈ្មោះបានបន្ទាប់ពីទីផ្សារដោះដូរកីឡាករទាំង៣លើកត្រូវបានបិទ ៕ដោយ៖ភារៈ


ចែករំលែក៖