ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥:៥០នាទីរសៀល កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានឃាត់ខ្លួនស្រ្តីជាជនសង្ស័យម្នាក់នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវលេខ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ស្រ្តីសង្ស័យឈ្មោះ ចាន់ ធាវី ហៅចាន់ ស្រីមុំ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ តាមផ្លូវរទេះភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមើលកូនឲ្យបុគ្គលិករោងចក្រ ។
ចំណែកជនរងគ្រោះឈ្មោះ ចក ច័ន្ទម៉ូល្លីកា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៧៦ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង។
វត្ថុតាងចាប់យកមានទូរស័ព្ទដៃចំនួន ១គ្រឿងម៉ាក iPhone Xsmax ពណ៌ទឹកមាស ហើយសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះតាមការស្នើសុំ ដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោក សុឹម ពិសិដ្ន អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ស្រ្តីជាជនសង្ស័យបានជិះម៉ូតូឌុបចេញពីម្ដុំបឹងកក់ ក្នុងគោលបំណងមកផ្សារបឹងកេងកងទិញស្បែកជើងពាក់។ ពេលកំពុងដើររកទិញស្រាប់តែឃើញជនរងគ្រោះស្ពាយកាបូបពីក្រោយដោយកាបូបស្ពាយនោះចំហរូតមើលឃើញលុយនិងទូរស័ព្ទ។ ភ្លាមៗនោះជនសង្ស័យក៏បានធ្វើសកម្មភាពលូកដៃយកទូរស័ព្ទរបស់ជនរងគ្រោះពីក្នុងកាបូប ប៉ុន្ដែត្រូវជនរងគ្រោះងាកឃើញទាន់ក៏ចាប់ដៃជនសង្ស័យជាប់ ហើយស្រែកថាចោរៗ បន្ទាប់មកសន្ដិសុខផ្សារ និងសមត្ថកិច្ចដែលកំពុងល្បាតទៅដល់ ក៏ឃាត់ខ្លួនជនសង្ស័យនាំយកទីស្នាក់ការប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដើម្បីធ្វើការសាកសួរតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ស រស្មី