ខេត្តស្ទឹងត្រែង៖ ពិធីប្រកាសផ្លាស់ប្តូរចូលកាន់តំណែងថ្មី និងបំពាក់ឋានន្តរស័ក្ដិ ដែលបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៧០១ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិនិងជាប្រធានអគ្គនាយកដ្ឋានកណ្ដាលនគរបាលព្រំដែន។
ក្នុងពិធីនោះ លោកសី សំឡេង មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ត្រូវប្រកាសឲ្យឡើងកាន់មុខតំណែងថ្មីជាមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ជំនួសមេបញ្ជាការចាស់លោក មាស បាន ដែលបានទទួលមរណភាពដោយរោគាពាធ។ ទន្ទឹមនឹងនោះក៏បានប្រកាសលោកអនុសេនីយ៍ទោ ចាន់ សុធា ត្រូវឡើងជាមេបុស្ដិ៍អូរស្វាយសែនជ័យ និង៥នាក់ផ្សេងទៀតបានដំឡើងឋានន្ដរស័ក្តិនៅក្នុងអង្គភាពនេះតែម្តង។
លោកនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានដាក់ទិសដៅនិងបទបញ្ចាយ៉ាងមុឺងម៉ាត់ទៅលើមេបញ្ចាការវរ:ទើបនឹងឡើងកាន់តំណែងថ្មី និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ សូមឲ្យមេបញ្ជាការទើបឡើងថ្មី ត្រូវយកគំរូនិងបទពិសោធន៍ល្អៗ ពីអ្នកមុន ហើយត្រូវអនុវត្តឲ្យបានមុឹងម៉ាត់ តាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងចូលរួមគ្រប់យុទ្ធនាការរបស់រាជរដ្ឋាភិបាល ធ្វើជាសេនាធិការជូនអគ្គស្នងការនបាលជាតិ ដើម្បីកសាងផែនការលម្អិតពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែនជាប្រចាំ ជាពិសេសចូលរួមចំណែកក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម៩ចំណុច ក្នុងមូលដ្ឋានរបស់ខ្លួន។
នាយឧត្ដមសេនីយ៍បានបន្តថា ក្នុងនាមជាមេដឹកនាំ ជាអាណាព្យាបាលត្រូវមានកាតព្វកិច្ចទទួលខុសត្រូវខ្ពស់ជាងគេ បើកចិត្តឲ្យទូលាយ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងត្រូវដឹងសុខទុក្ខកងកម្លាំង ត្រូវបង្កើនការត្រួតពិនិត្យតាមបន្ទាត់ព្រំដែនជាប្រចាំ និងបង្ការទប់ស្កាត់រាល់សកម្មភាពបទល្មើសឆ្លងដែនខុសច្បាប់ ដើម្បីរក្សាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាពិសេសថែបំប៉នកម្លាំង, ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវធ្វើអនាម័យជាប្រចាំដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមនៅរដូវវស្សាចូលមកដល់នេះ។ សំខាន់ ក្នុងនាមជាមេបញ្ជាការត្រូវចេះតាមដានសភាពការណ៍រាល់សកម្មភាពការរិះគន់ កែលម្អ មួលបង្កាច់ផ្សេងៗ ត្រូវបកស្រាយ ពន្យល់ ឆ្លើយតបឱ្យបានទាន់ពេលវេលាដើម្បីការពារកិត្តិយសអង្គភាព ។
លោកសី សំឡេង បញ្ជាការថ្មីក៏បានឡើងប្ដេជ្ញាចិត្ត និងយកតួនាទីថ្មីដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិបានប្រគល់ភារកិច្ច និងលើកទឹកចិត្តឲ្យទទួលតំណង ជាមេបញ្ចាការនគបាលការពារព្រំដែនគោកលេខ៧០១នាពេលនេះ លោកនិឹងប្ដេជ្ញាអនុវត្តគោរពបទបញ្ជាផ្ទៃក្នុងនិងពង្រឹងតួនាទីកងកម្លាំងក្នុងអង្គភាព បង្កើនទំនាក់ទំនង និងសហការស្អិតល្មួតជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ និងខិតខំអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់ជាតិ និីតិប្បញ្ញត្តិព្រំដែន តាមរយៈបង្កើនការត្រួតពិនិត្យ ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនជាតិមាតុភូមិ៕
ដោយ៖មាស សុផាត