ភ្នំពេញ ៖ រឿងរ៉ាវគួរឱ្យហួសចិត្តមួយបានកើតឡើងដោយសារតែនារីអ្នកលក់ឡេ និងគ្រឿងសម្អាងរូបស្រស់ស្អាតម្នាក់ នៅផ្ទះម្នាក់ឯង រួចដេកមិនលក់មានអារម្មណ៍ភ័យខ្លាចចោរចូលផ្ទះព្រោះតែឮសម្រិបស្រិបនិងសូរខ្យល់បក់ដំបូលស័ង្កសីនឹកស្មានថាចោរគាស់ ក៏ទូរស័ព្ទប្តឹងទៅសមត្ថកិច្ចថាមានចោរចូលផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ទាំងយប់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅបុរីពិភពថ្មីចំការដូង ផ្លូវអក្សរ E ផ្ទះលេខ៤៨ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។
នារីវ័យក្មេងជាម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ពេលព្រលប់រូបនាងបានចូលគេងដូចធម្មតា លុះដល់ម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២កក្កដានេះ រូបនាងបានឬសូរសំឡេង ដូចជាមានអ្នកគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់នាង ហើយពេលនោះដែរដោយសារតែរូបនាងជាស្ត្រីហើយនៅតែម្នាក់ឯងទៀត ក៏មានអារម្មណ៍ថាភ័យខ្លាច ទើបទូរស័ព្ទប្តឹងសមត្ថកិច្ចថាមានចោរចូលផ្ទះតែម្ដងទៅ ។
បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសន្តិសុខដែលយាមនៅបុរីខាងលើ បានចុះទៅដល់ផ្ទះនារីរូបស្រស់ រួចហើយក៏បានដើររកមើលជុំវិញផ្ទះក៏ដូចជាក្នុងផ្ទះ ប៉ុន្តែមិនឃើញមានអ្វីប្លែកនោះទេ មានតែឮសំឡេងខ្យល់បក់ប៉ះជាមួយនឹងស័ង្កសី នៅលើដំបូលផ្ទះតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ដែរថា មកពីនារីជាម្ចាស់ផ្ទះគាត់នៅតែម្នាក់ឯងខ្លាច ណាមួយដេកមិនលក់ផង បូករួមទាំងមានខ្យល់បក់ប៉ះជាមួយនឹងសង្ក័សីលើដំបូលផ្ទះទៀត ទើបធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាចថា មានជនសង្ស័យចូលគាស់ផ្ទះតែម្ដងទៅ ៕ ដោយ៖ស សម