អន្តរជាតិ៖ យោងតាមទីភ្នាក់ងាររបស់ AKP បានចេញផ្សាយនៅថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២០នេះថា លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី បាននិយាយថា ប្រទេសអូស្រ្តាលីកំពុងពិចារណាយ៉ាងសកម្មក្នុងការផ្តល់ទីជម្រកសុវត្ថិភាពដល់ប្រជាជនហុងកុង បន្ទាប់ពីការអនុម័តច្បាប់របស់ប្រទេសចិន ស្តីពីសន្តិសុខជាតិនៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុងដែលបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ។
លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានដែលត្រូវបានដកស្រង់សម្តីដោយស្ថានីយទូរទស្សន៍ក្នុងស្រុក ABC ថា «យើងកំពុងពិចារណាយ៉ាងសកម្មចំពោះការផ្តល់ទីសុវត្ថិភាពសម្រាប់ប្រជាជនហុងកុង ហើយមានសំណើមួយចំនួនដែលខ្ញុំបានស្នើឱ្យមានការលើកឡើងជាច្រើនសប្តាហ៍កន្លងមក»។
យោងទៅតាមលោកនាយករដ្ឋមន្រ្តីរូបនេះបានឱ្យដឹងថា សំណើទាំងនេះនឹងត្រូវបានពិនិត្យដោយ គណៈរដ្ឋមន្រ្តី បន្ទាប់ពី «សេចក្តីកែសម្រួលចុងក្រោយត្រូវបានដាក់ជូន»។
លោក Scott Morrison បាននិយាយបន្ថែមថា «នៅពេលយើងបានធ្វើសេចក្តីសម្រេចចុងក្រោយទៅលើការរៀបចំទាំងនេះ ខ្ញុំនឹងធ្វើការប្រកាសប៉ុន្តែប្រសិនបើអ្នកសួរថា តើយើងបានត្រៀមរៀបចំ និងផ្តល់ការគាំទ្រដែរឬទេ? ចម្លើយ គឺត្រូវហើយ»។
សូមជម្រាបថា កាលពីថ្ងៃពុធ ទីក្រុងឡុងដ៍បានចាត់វិធានការស្រដៀងគ្នានេះដែរ ដោយធ្វើឱ្យកាន់តែសាមញ្ញនូវនីតិវិធីសម្រាប់ការទទួលបានលិខិតអនុញ្ញាតស្នាក់នៅក្នុងចក្រភពអង់គ្លេសសម្រាប់ប្រជាជនហុងកុង។ដោយច្បាប់សន្តិសុខជាតិថ្មីដែលដាក់ទណ្ឌកម្មលើការធ្វើអបគមន៍ និងភេរវកម្មនៅក្នុងតំបន់រដ្ឋបាលពិសេស ត្រូវបានអនុម័តដោយសមាជិកសភាចិន និងចុះហត្ថលេខាដោយមេដឹកនាំចិន លោក ស៊ីជីនពីង កាលពីថ្ងៃអង្គារថ្មីៗនេះ ។
គួរបញ្ជាក់ថា សកម្មភាពនេះបានបណ្តាលឱ្យមានការផ្ទុះឡើងនូវការតវ៉ាថ្មីមួយនៅក្នុងទីក្រុងហុងកុង ដោយសារតែអ្នកស្រុកនោះបារម្ភថាសិទ្ធិរបស់ពួកគេអាចនឹងត្រូវបានរំលោភបំពាន ដោយការអត្ថាធិប្បាយអវិជ្ជមានពីមន្រ្តីលោកខាងលិចជាច្រើនដែលអះអាងថា វានឹងធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាពរបស់ទីក្រុងនេះ។ទោះជាយ៉ាងណា បើយោងតាមទីក្រុងប៉េកាំងបានឱ្យដឹងថាច្បាប់នេះនឹងដាក់ទណ្ឌកម្មទៅលើសកម្មភាពខុសច្បាប់នានា ដោយមិនធ្វើឱ្យប៉ះពាល់ដល់សេរីភាពប្រជាធិបតេយ្យ ដែលមានស្រាប់របស់ប្រជាជនហុងកុងនោះទេ៕ដោយ៖ស តារា