ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានមកដេកស្នាក់នៅជាមួយសង្សាររបស់ខ្លួន លុះយប់ឡើងដេកអត់លក់ ក៏បែកគំនិតចូលក្នុងរោងចក្រដែលនៅជិតបន្ទប់ខ្លួនដេកនោះដើម្បីធ្វើសកម្មភាពលួចតែមិនបានសម្រេច ក៏ត្រូវសន្តិសុខយាមកាមក្នុងរោចក្រឃើញទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែម្ដង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងរោងចក្រគ័នមីង ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះយាន ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្មី ឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំណែកភាគីខាងរងគ្រោះឈ្មោះ ទេព កុម្ភៈ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការរោងចក្រគ័នមីង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានមកដេកជាមួយសង្សារជាកម្មការិនីរោងចក្រដែលជួលបន្ទប់ស្នាក់នៅក្បែរោងចក្រកើតហេតុនោះដែរ ។ លុះមកដល់វេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ខែឆ្នាំដដែល ជនសង្ស័យបានចេញពីបន្ទប់ដេក រួចចូលទៅក្នុងរោងចក្រ ហើយបម្រុងធ្វើសកម្មភាពលួច ខណៈនោះស្រាប់តែសន្តិសុខរោងចក្រឃើញទាន់ក៏នាំគ្នាព័ទ្ធស្ទាក់
រួចចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចទូរស័ព្ទគេបានមួយគ្រឿងដែរនៅក្នុងរោងចក្រផលិតទឹកកកកាលពីឆ្នាំ២០១៩ លុះមកដល់ឆ្នាំ២០២០នេះខ្លួនធ្វើសកម្មភាពចូលក្នុងរោងចក្រដើម្បីលួច តែមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។
ករណីនេះ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕ ស្អាងជ័យ