ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វេីការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខបុរីប៉េងហួត ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (យកដែកគាស់ចង្រឹងបង្អួចផ្ទះគេចូលលួចយកទូរស័ព្ទដៃនិងកុំព្យូទ័រលេបថប)។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាស ចាន់ថន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនិង មុខរបរមិនពិតប្រាកដ (មិនមានផ្ទុកសារធាតុញៀនទេ) ។
រីឯជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវលេខ៣៧១ ក្រុមទី១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។
វត្ថុតាងសមត្ថកិច្ចចាប់យកមាន៖ ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកសាំសុង ពណ៌ទឹកប្រាក់ (ជារបស់ជនរងគ្រោះ) ។ ចំណែកសម្ភារជនរងគ្រោះដែលបាត់បង់ មាន៖ ទូរស័ព្ទដៃម៉ាកសាំសុងចំនួន១គ្រឿង និងកុំព្យូទ័រលេបថបម៉ាកគម្ពី ចំនួន១គ្រឿង ។
លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី បានឲ្យដឹងទៀតថា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៖១០នាទីរំលងអធ្រាត្រ ជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី ភេទប្រុស អាយុ ១៧ ឆ្នាំ បានចូលសម្រាកនៅក្នុងផ្ទះជួល ក្បែរផ្លូវលេខ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានទុកទូរស័ព្ទដៃម៉ាកសាំសុងចំនួន២គ្រឿង និងកុំព្យូទ័រលេបថបម៉ាកគម្ពីចំនួន១គ្រឿងនៅក្បែរកន្លែងដេក។ លុះមកដល់វេលាម៉ោង៥៖៤០នាទីទៀបភ្លឺ ជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី បានភ្ញាក់ពីដំណេកស្រាប់តែឃើញបង្អួចមានស្នាមគាស់ ហើយទូរស័ព្ទដៃម៉ាកសាំសុងចំនួន២គ្រឿង និងកុំព្យូទ័រលេបថបម៉ាកគម្ពីចំនួន១គ្រឿងបានបាត់អស់ ។ លុះដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦៖០០នាទី ទើបជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យជួយស្រាវជ្រាវ ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចុះពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង២១៖៣០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាស ចាន់ថន ភេទ ប្រុស អាយុ២៦ឆ្នាំ នៅចំណុចមុខបុរីប៉េងហួត ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ និងបានចាប់យកវត្ថុតាងទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ទឹកប្រាក់ចំនួន១គ្រឿង(ជារបស់ជនរងគ្រោះដែលបាត់)រួចយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីចាត់តាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យឈ្មោះ មាស ចាន់ថន ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ដោយ៖ ភារ៉ា ដង្កោ