ភ្នំពេញ៖ ស្ងាត់បាត់មុខអស់ជាច្រើនខែ តារាចម្រៀង ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនដើម្បីបំពេញការសំណូមពររបស់អ្នកគាំទ្រ។ ការបញ្ចេញបទថ្មីនេះក៏ក្រោយលោកជួបទុក្ខធំក្នុងគ្រួសារផងដែរ។
ជិតកន្លះឆ្នាំ ពោលគឺចាប់តាំងពីមរណភាពរបស់ឪពុកបង្កើត និងដោយសារបញ្ហាកូវីដ-១៩ផងនោះ ធ្វើឲ្យតារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ មិនសូវបង្ហាញមុខតាមកម្មវិធីសិល្បៈដូចពីមុននោះឡើយ ហើយតែងបង្ហាញអារម្មណ៍សោកសៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមជារឿយៗរហូតធ្វើឲ្យអ្នកគាំទ្រលោកបង្ហាញក្តីបារម្ភជាខ្លាំងចំពោះលោក។
តែយ៉ាងណា កាលពីល្ងាចម្សិលមុិញ តារាចម្រៀងមានជីវិតឯកជនហាយសូររូបនេះ បានវិលត្រឡប់មកវិញជាមួយស្នាដៃចម្រៀងថ្មីមានចំណងជើង «គេចង់និយាយអីឲ្យគេនិយាយទៅ» ដែលអត្ថន័យចាក់ចំបេះដូងយុវវ័យសម័យទំនើបតែម្តង។
ទោះស្ងាត់បាត់មុខមួយរយៈ ប៉ុន្តែសំនៀងរបស់តារាប្រុសរូបនេះនៅតែពិរោះរណ្តំចិត្តអ្នកគាំទ្រដដែល។ ដ្បិតមិនសូវបង្ហាញខ្លួនញឹកញាប់ដូចពីមុន ប៉ុន្តែតារាចម្រៀងរូបនេះនៅតែសកម្មជាមួយជាមួយបណ្តាញទំនាក់ទំនងរបស់លោកទាំងហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម ដោយជារឿយៗលោកតែបង្ហោះរូបថត និងបញ្ចេញអារម្មណ៍ដែលមានទៅលើបណ្តាញទំនាក់ទំនងទាំងអស់នេះ។
ទោះជាយ៉ាងណាបទចម្រៀងនេះទទទួលបានការចាប់អារម្មណ៍ច្រើនគួរសមពីអ្នកគាំទ្ររបស់លោកផងដែរ៕ ដោយ ៖វឌ្ឍនា