ខេត្តឧត្ដរមានជ័យ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីបង្ករបួសស្នាមហើយរត់គេចខ្លួនបាន២ថ្ងៃត្រូវកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលលំទង ស្រុកអន្លង់វែងធ្វើការឃាត់ខ្លួនបាននៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចារ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយ លោកអធិការបានចាត់តាំងកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលលំទង ចុះស្រាវជ្រាវនិងបង្ក្រាបករណីអំពើហិង្សា១ករណីរហូតដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង មានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ ភាព សុផាន ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង មុខរបរកសិករ (ជាជនដៃដល់ )។
២- ឈ្មោះ ហ៊ន់ ចត់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរកសិករ ។
ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះ ឈ្មោះ ហាប ស្មី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអូរគគីរកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង មុខរបរទាហានអង្គភាពកងពលតូចថ្មើរជើងលេខ៤១ ប្រព្រឹត្តកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១ និង៣០នាទីយប់ ពេលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវនៅចំណុចត្រពាំងកណ្តាល ស្ថិតនៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង បណ្តាលឲ្យត្រូវខ្នងចំនួន៥ដំបង រងរបួសធ្ងន់ ។ មូលហេតុ ដោយសារក្រុមជនសង្ស័យមានទំនាស់ជាមួយក្មេងទំនើងជាក្រុមផ្សេង តែពេលជនរងគ្រោះមកដល់ក៏វាយច្រឡំតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់ ៕
ដោយ៖ប៉ែន នួន