អន្តរជាតិ៖ តាមការចេញផ្សាយរបស់សារព័ត៌មានCNA នាព្រឹកថ្ងៃអង្គារ ទី៧ខែកក្កដា ឆ្នាំ២០២០នេះថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោកក្វុន ចុងហ្គាន់(Kwon Jong Gun) បានថ្លែងថា ប្រទេសរបស់ខ្លួនគ្មានបំណងក្នុងការរៀបចំកិច្ចប្រជុំកំពូលជាលើកទី ៣ ជាមួយសហរដ្ឋអាមេរិកនោះឡើយហើយទីក្រុងព្យុងយ៉ាង ក៏បានអំពាវនាវឲ្យទីក្រុងសេអ៊ូល ឈប់លូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួនផងដែរ ។
សូមជម្រាបថា លោក ក្វុន ចុងហ្គាន់ (Kwon Jong Gun) ជានាយកទទួលបន្ទុកកិច្ចការ ពាក់ព័ន្ធសហរដ្ឋអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង ដោយលោក បានចោទប្រកាន់កូរ៉េខាងត្បូងថា បានធ្វើការបកស្រាយខុសចំពោះពាក្យសម្តី នៃអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី ឆេ សុនហ៊ុយ (Choe Son Hui) ដោយក្នុងនោះសារព័ត៌មានកូរ៉េខាងត្បូងមួយចំនួន បែរជាបានចុះផ្សាយថា កិច្ចប្រជុំកំពូលលើកទី ៣ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចនឹងកើតមានឡើង។
មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានថ្លែងយ៉ាងដូច្នេះថា «វាដល់ពេលហើយ ដែលត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអ្នកដទៃ តែវាហាក់ដូចជាគ្មានវិធីព្យាបាលឡើយ ចំពោះទម្លាប់ដ៏អាក្រក់បែបនេះ។ និយាយឱ្យចំទៅ យើងគ្មានអារម្មណ៍ចង់អង្គុយទល់មុខគ្នា ជាមួយសហរដ្ឋអាមេរិកទេ» ។
គួរបញ្ជាក់ថា ជុំវិញការបកស្រាយខុសខាងលើនេះ លោក Kwon បានឆ្លើយតបវិញថា កូរ៉េខាងជើងគ្មានអារម្មណ៍ត្រូវការ កិច្ចប្រជុំកំពូលថ្មីណាមួយនោះទេ។ ការលើកឡើងពីសំណាក់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនេះ ក៏ជាការឆ្លើយតបទៅនឹងការស្នើសុំ ពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនចេអ៉ីន ផងដែរឲ្យលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ជួបពិភាក្សាជាថ្មីឡើងវិញ ឲ្យបានមុខការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាឆ្នាំ២០២០ ខាងមុខនេះ៕ដោយ៖ស តារា