ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍

ចែករំលែក៖

ភ្នំពេញ៖នាព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ០៩:ព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍ ពិភាក្សាលើ៖

១. របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី​ ៣ និង

២. ការឆ្លើយតបទៅនឹងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍លើរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី​ ៣ ។

តាមរយៈការរៀបចំជាប្រព័ន្ធវីឌីអូ, កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងជាសមាជិកគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, តំណាងដៃគូអភិវឌ្ឍន៍ (សហភាពអឺរ៉ុប ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ  និងអង្គការយូនីសេហ្វ) និងតំណាងអង្គការក្រៅរដ្ឋាភិបាល ផងដែរ ។

១- វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣៖

ការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ ២០១៩ សម្រេចបានវឌ្ឍនភាពល្អប្រសើរលើគ្រប់ផ្នែកនៃក្របខណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី ៣ ក្នុងនោះ៖

“ភាពជឿទុកចិត្តនៃថវិកា” នៅតែអាចរក្សាបានជាសារវន្ត ដោយសារប្រសិទ្ធភាពនៃការអនុវត្តផែនការប្រមូលចំណូលសម្រេចបាន ១៣១% នៃច្បាប់ថវិកាឆ្នាំ២០១៩ ឬស្មើ ២៧ ៧៤០ ប៊ីលានរៀល និងចំណាយថវិកាជាតិសម្រេចបាន ៩៩,០៥% ឬស្មើ ២៣​ ៤៦៨ ប៊ីលានរៀល ។

“ប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុ” ត្រូវបាន និងកំពុងកសាងតាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ នៅគ្រប់អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋ-កិច្ច និងហិរញ្ញវត្ថុ, រតនាគារទាំង ២៥ រាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងក្រសួង-ស្ថាប័នចំនួន ៣៧ ។

“ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” បាន និងកំពុងផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា តាមរយៈការពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធីជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ថវិកាជាឧបករណ៍សម្រាប់ ជំរុញការអភិវឌ្ឍតាមវិស័យ ។ គិតត្រឹមឆ្នាំ២០១៩, ថវិកាកម្មវិធីត្រូវបានដាក់ឱ្យអនុវត្តគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តចំនួន ១៨ ។ រដ្ឋបាលរាជធានី-ខេត្តផ្សេងទៀត នឹងត្រូវដាក់ឱ្យអនុវត្តជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២១ ។

“សម្រាប់ការត្រៀមខ្លួនជំហានបន្ទាប់ ឬ គណនេយ្យភាពសមិទ្ធកម្ម”, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និងកំពុងរៀបចំច្បាប់ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុថ្មី,​ កែសម្រួលអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត-ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈ  និងអនុក្រឹត្យលេខ ៨២​ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជា​ទូ​ទៅ នៃគណនេយ្យសាធារណៈ ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ​ថវិកាឆ្នាំ ២០១៨-២០២៥, យុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ ២០១៩-២០២៣, យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្រ្តនៃការកែទម្រង់​​ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការ វិនិយោគសាធារណៈឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ ២០១៩-២០២៣ ។

យុទ្ធសាស្រ្តនីមួយៗ មានផែនការសកម្មភាពលម្អិត ដើម្បីឱ្យការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។

ជាយន្តការសម្រាប់ការគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយជោគជ័យ និងចីរភាព, ក.ស.ហ.វ. បានបណ្តុះបណ្តាលមន្រ្តីរាជការនៃ ក.ស.ហ.វ. និងក្រសួង-ស្ថាប័នចំនួន ១ ០៥៩ រូប លើជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកំពុងរៀបចំការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងរៀបចំផែនការយុទ្ធសាស្រ្តស្តីពីការកសាងនិងអភិវឌ្ឍន៍សមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ។

២- ការឆ្លើយតបទៅនឹងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍លើរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការ អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣៖

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ និងផ្អែកលើរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី​ ៣, ដៃគូអភិវឌ្ឍន៍ រួមគ្នាបានផ្តល់នូវមតិយោបល់ចំនួន ១៩ សម្រាប់ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគិតគូរពីការលើកកម្ពស់ភាពធន់នៃសង្គម (social resilience) តាមរយៈវិធានការគោលនយោបាយគ្រប់គ្រងវិបត្តិសេដ្ឋកិច្ចនិងសង្គម ។

ជារួមអង្គប្រជុំពិនិត្យឃើញថា ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា មានភាពរឹងមាំក្នុងការបង្ការទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដែលអាចកើតចេញពីកត្តាខាងក្រៅ ។ ជាក់ស្តែង, ចំពោះមុខការថមថយនៃកំណើនសេដ្ឋកិច្ចដោយ សារការរីករាលដាលនៃជំងឺកូវីដ-១៩​, លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំយន្តការឆ្លើយតប ដោយបង្កើតនូវក្រុមការងារចំពោះកិច្ចចំនួន ៤ ដើម្បី​៖ ១. រៀបចំគោលនយោបាយថវិកា ហិរញ្ញវត្ថុ និងជំនួយសង្គម, ២. គ្រប់គ្រងការផ្គត់ផ្គង់ និងតម្លៃទំនិញយុទ្ធសាស្រ្ត, ៣. រៀបចំនិងគ្រប់គ្រងយន្តការជំនួយសង្គម និង ៤. រៀបចំកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់ ។​

ទន្ទឹមនឹងការរៀបចំយន្តការក្រុមការងារច្បាស់លាស់, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់ សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន​  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការគោលនយោបាយចំនួន ៤ ជុំ ដើម្បីអន្តរាគមន៍ ក្នុងការគ្រប់គ្រងផលប៉ះពាល់ចំពោះមុខ និងរក្សាលំនឹងនៃសេដ្ឋកិច្ចនិងសង្គម រួមមាន៖ ១.​ ជួយដល់ក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចបន្តអាជីវកម្មបានក្នុងពេលដ៏លំបាកនេះ, ២. ជួយដល់កម្មករនិយោជិក ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារ ឱ្យមានលំនឹងជីវភាព និងអាចអភិវឌ្ឍន៍ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត, ៣.​ ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេស​ ជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និង ៤. កម្មវិធីជំនួយសង្គម ដើម្បីជួយសម្រាលទុក្ខលំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រខ្វះខាត, កម្មវិធីសាច់ប្រាក់ពលកម្ម (cash for work), ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យកការងារក្នុងវិស័យថ្មី ។

​សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ ២០២០ នេះ, រាជរដ្ឋាភិបាលបានធ្វើវិចារណកម្មថវិកា ដោយផ្តោតអាទិភាពពិសេស លើការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ ​។ ការធ្វើវិចារណកម្មចំណាយ និងការពង្រឹងប្រសិទ្ធភាពចំណាយនេះ គឺដើម្បីពង្រឹងការគ្រប់គ្រងចំណាយបន្ទុកបុគ្គលិកឱ្យបានម៉ឺងម៉ាត់បំផុត ដោយអនុវត្តគោលការណ៍រើសថ្មី ត្រឹមស្មើនឹងចំនួនចូលនិវត្តន៍ ពោលគឺ “រក្សាចំនួនក្របខណ្ឌមន្ត្រីរាជការស៊ីវិល យោធា និងនគរបាល ដូចនៅក្នុងឆ្នាំ ២០១៩” និងធ្វើវិចារណកម្មចំណាយលើមុខសញ្ញាចំនួន ដែលមិនទាន់ចាំបាច់ ឬមិនទាន់ចំាបាច់ខ្លាំង, មិនសូវប៉ះពាល់សកម្មភាពការងារ និងមានសមាសធាតុនាំចូលខ្ពស់ ឬទាំងស្រុង ដើម្បីយកទៅបំពេញមុខចំណាយចំាបាច់ថ្មីៗ ។

លោកឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសមាជិកគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួង-ស្ថាប័នឲ្យបន្តពង្រឹងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានស្វាគមន៍ ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះតំណាងដៃគូអភិវឌ្ឍន៍ ដែលជានិច្ចកាលផ្តល់ នូវកិច្ចសហប្រតិបត្តិការល្អ រួមទាំង ផ្តល់ជាជំនួយបច្ចេកទេស និងធនធានហិរញ្ញវត្ថុ ។ លោកឧបនាយករដ្ឋមន្រ្តី ក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំបំពេញមុខងាររបស់ខ្លួនជាសេនាធិការ ជូន គ.ហ.ស. ទាំងការងារដឹកនាំ, សម្របសម្រួល, គាំទ្រ និងត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពកម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងប្រចាំត្រីមាស និងប្រចាំឆ្នាំ ប្រកប​ដោយភាពគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងទាំងទិដ្ឋភាពការងារកែទម្រង់ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងមូល ៕ដោយ៖ហេងសូរិយា


ចែករំលែក៖