ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដែលទម្លាប់ចូលគេងទាំងសក់សើម ប្រឈមនឹងបញ្ហា៧យ៉ាង

ចែករំលែក៖

វាជាការណ៍ពិតណាស់ចំពោះអ្នកដែលមានទម្លាប់​ចូល​គេង​ទាំង​សក់​សើម​ គឺអាចបង្កផលប៉ះពាល់ច្រើន ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ងូតទឹក​ពេល​យប់។ ប្រសិនបើយើង​មាន​ទម្លាប់​គេងទាំងសក់សើម គួរ​ដឹង​ពី​ផល​ប៉ះពាល់​ទាំង​នេះ៖

១. រលាក​ស្បែក​ក្បាល

តើ​គ្នាយើង​ធ្លាប់​មាន​បញ្ហា​រមាស់​ និង​រលាក​ស្បែក​ក្បាល​ទេ? ភាគច្រើននៅ​ពេល​មាន​បញ្ហា​នេះ​​យើង​បន្ទោស​ទៅ​លើ​សាប៊ូ​កក់​សក់ ប៉ុន្តែ​តាមពិត​ទៅ​នេះក៏អាច​បណ្ដាល​មក​ពី​ទម្លាប់​នៃ​ការ​ចូល​គេង​ទាំង​សក់​សើមផងដែរ។ ជំងឺ​ស្បែក​ក្បាល​ដូចជា​ការ​ឡើង​អង្គែ​ អាច​កើត​មាន​នៅ​ពេល​យើង​គេង​លើ​ស្រោម​ខ្នើយ​ដែល​សើម។ នៅ​ពេល​យើង​គេង​ទាំង​សក់សើម សភាពក្ដៅ និង​សំណើម​​អាច​បង្កើន​ការ​លូតលាស់​នៃ​បាក់តេរី​បាន។

២. ធ្វើ​ឲ្យ​សក់​កណ្តាញ់

សក់សើម​ គឺ​មាន​ភាព​ផុយស្រួយ​ងាយ​នឹង​ខូចណាស់។ នៅ​ពេល​យើង​ចូល​គេង​ទាំង​សក់​សើមនោះ  សក់​អាច​នឹង​ជំពាក់​គ្នា​អំឡុង​ពេល​គេង​។ នៅ​ពេល​ព្រឹកឡើង សក់​របស់​យើង​នឹង​រញ៉េរញ៉ៃ ហើយ​ពិបាក​សិត​។

៣. ឈឺក្បាល

ប្រសិនជា​យើង​ចូល​គេង​ទាំង​សក់​សើម ពេល​ភ្ញាក់​ឡើង​យើង​អាច​នឹង​មាន​អាការឈឺក្បាល។ អ្នក​ជំនាញ​ថែទាំ​សក់​បាន​លើក​ឡើង​ថា​ ការ​គេង​ទាំង​សក់​សើម​គឺអាចបញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ​ ដែល​បង្ក​ឲ្យ​មាន​អាការឈឺក្បាល​ ដោយ​សារ​តែ​រាងកាយ​ព្យាយាម​ដំឡើង​សីតុណ្ហភាព​ក្នុង​រាងកាយ។ អ្នកឯកទេស​ថែទាំ​សក់​ផ្សេង​ទៀត​ជឿ​ថា​ ការ​ចូល​គេង​ដោយ​រុំ​សក់​នឹង​កន្សែង​ ក៏​អាច​បង្ក​ការ​ឈឺចាប់ និង​រំខាន​ដល់​ដំណេក​ផងដែរ។

៤. សក់​រួញ និង​ខ្វះ​សំណើម

ការ​ចូល​គេង​ទាំង​សក់សើម​​មិន​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរមែន ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​ទម្រង់​សក់។ សក់សើម​បង្កើត​ឲ្យ​មាន​ការ​កកិត​ខ្លាំង​ជាមួយ​នឹង​ស្រោម​ខ្នើយ​ ដែល​ធ្វើ​ឲ្យ​សក់​រួញ និង​ខ្វះ​សំណើម។ ដូចនេះ​យក​ល្អ​គួរ​ចំណាយ​ពេល​ជូត​សក់​ឲ្យ​ស្ងួត​មុន​ចូល​គេង​​ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ទៅ​លើ​ផលិតផល​ថែទាំ​សក់​សម្រាប់​បញ្ហា​សក់​នេះ។

៥. សក់​មិន​មាន​ទម្ងន់

សក់​ស្តើង​ គឺ​មក​ពី​សក់​មិន​មាន​ទម្ងន់។ ការ​គេង​ទាំង​សក់សើម​គឺ​អាច​ធ្វើ​ឲ្យ​សក់​ខូច​សម្រាប់​ប្រភេទ​សក់​ស្តើង។ ប្រសិន​ជា​យើង​ទម្លាប់​គេង​ទាំង​សក់​សើម នោះ​សក់​នឹង​​មើល​ទៅ​កាន់តែ​​ស្តើង​ជាង​មុន។

៦. សក់​បែក​ចុង

ទម្លាប់​គេង​ទាំង​សក់​សើម​គឺ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​សក់​បែក​ចុង​ ព្រោះ​សក់​សើម​គឺ​មាន​ភាព​ផុយ​ស្រួយ ហើយ​ការ​រើចុះរើឡើង​ពេល​គេង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សក់បែក​ចុង។

៧. រលាក​ស្បែក

ការ​គេង​ទាំង​សក់​សើម​ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ស្បែកក្បាល​ទេ ប៉ុន្តែ​នៅ​ប៉ះពាល់​ដល់​ស្បែក​ទៀត។ នៅ​ពេល​យើង​គេង​រើ​ចុះ​រើ​ឡើង​ សក់​អាច​មក​នៅ​លើ​មុខ។ សក់សើម និង​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​គេង​ជា​លក្ខខណ្ឌ​ដ៏​ល្អ​មួយ​ សម្រាប់​ការ​លូតលាស់​នៃ​បាក់តេរី​ដែល​បង្ក​ការ​រលាក​លើ​ស្បែក៕ដោយ៖ស សម


ចែករំលែក៖