ព័ត៌មានទាន់ហេតុការណ៍៖

លោក ព្រុំ សុខា ៖ អរគុណចំពោះរដ្ឋាភិបាល អូស្ត្រាលីដែលបានបន្តគាំទ្រប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះរដ្ឋាភិបាល អូស្ត្រាលីដែលបានបន្តគាំទ្រប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ក៏បានលើកឡើង ពីសារៈប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការបន្តទៀតរវាងភាគីទាំងពីរ ទៅលើវិស័យសាធារណៈ ដែលបម្រើឱ្យកម្មវិធីសំខាន់ៗ នាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាលជាអាទិ៍៖ កំណែទម្រង់វិមជ្ឈការ ភាពដឹកនាំរបស់ស្ត្រី និងគណនេយ្យភាពសង្គម។ល។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានសម្តែងនូវការគាំទ្រ ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងកិច្ចសហប្រតិបត្តិការជួយផ្នែកសាធារណៈរបស់កម្ពុជាបន្តទៀត លើវិស័យសុខភាពសាធារណៈ ពិសេសជំនួយផ្នែកសុខាភិបាល សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស វិស័យអភិវឌ្ឍជនបទនិងសង្គមកិច្ច ដែលរួមចំណែកជួយដល់ដំណើរការ នៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រងាយរងគ្រោះដោយវិបត្តិកូវីដ១៩។
នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការពិនិត្យលទ្ធភាព ជម្រុញកិច្ចសហការ លើវិស័យសាធារណៈបន្តទៀត ដើម្បីរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី៕

ដោយ៖សិលា


ចែករំលែក៖