ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកាហ្សាក់ស្ថាន៖ ច្រានចោលការអះអាងរបស់ស្ថានទូតចិន ដែលព្រមានថា មានករណីផ្ទុះជំងឺរលាកសួតថ្មីមួយទៀត នឹងបានសម្លាប់មនុស្សប្រមាណជាង ១ពាន់នាក់

ចែករំលែក៖

អន្តរជាតិ៖ តាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នាល្ងាចថ្ងៃសុក្រ ទី១០ ខែកក្កដាម្សិលមិញនេះថា ស្ថានទូតចិនប្រចាំប្រទេសកាហ្សាក់ស្ថាន បានអះអាងថា មានករណីផ្ទុះជំងឺរលាកសួតថ្មីមួយទៀតខណៈជំងឺប្រភេទថ្មីនេះ បានសម្លាប់មនុស្សប្រមាណជាង,៧០០នាក់រួចជាស្រេច នៅប្រទេសអាស៊ីកណ្តាលមួយនេះ ប៉ុន្តែពាក់ព័ន្ធករណីនេះត្រូវបានរដ្ឋាភិបាលកាហ្សាក់ស្ថាន បានចេញមុខមកច្រានចោលភ្លាមៗ នូវការអះអាងរបស់ស្ថានទូតចិន ដែលបានព្រមានថា មានករណីផ្ទុះជំងឺរលាកសួតថ្មីនេះ ដែលគេមិនទាន់ដឹងប្រភពច្បាស់លាស់នៅឡើយ

សារព័ត៌មាន Straits Times បន្តថា កាលពីប៉ុន្មានម៉ោងមុននេះ ស្ថានទូតចិនប្រចាំប្រទេសកាហ្សាក់ស្ថាន បានចេញសញ្ញាព្រមានពីលទ្ធភាពនៃការផ្ទុះជំងឺរលាកសួតថ្មីមួយទៀត ដែលសាហាវជាងវីរុសកូរ៉ូណា (COVID-19) ទៅទៀត។ ដោយមន្ត្រីទូតចិនបានបន្តទៀតថា ជំងឺរលាកសួតថ្មីនេះ បានផ្ទុះឡើងខ្លាំងគួរឲ្យកត់សម្គាល់ កាលពីអំឡុងពាក់កណ្តាលខែមិថុនាកន្លងទៅនេះ ខណៈអាជ្ញាធរកាហ្សាក់ស្ថាន បានរាយការណ៍ពីករណីសង្ស័យឆ្លងជំងឺថ្មីនេះជាង ២០០នាក់ក្នុងមួយថ្ងៃៗ ដាច់ដោយឡែកពីការឆ្លងវីរុសកូរ៉ូណា។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលរបស់ប្រទេសកាហ្សាក់ស្ថានបានចេញមុខមកច្រានចោលព័ត៌មានខាងលើ ដោយបានចាត់ទុកព័ត៌មាននេះថា «ជាព័ត៌មានក្លែងក្លាយ» អាជ្ញាធរកាហ្សាក់ស្ថាន បានលើកឡើងយ៉ាងដូច្នេះថា «ព័ត៌មានដែលចុះផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមួយចំនួន ទាក់ទងនឹងជំងឺរលាកសួតប្រភេទថ្មី នៅកាហ្សាក់ស្ថានគឺមិនត្រឹមត្រូវទេ»

ដោយឡែកក្រសួងសុខាភិបាលកាហ្សាក់ស្ថាន កាលពីថ្ងៃសុក្រដដែរនេះបានសង្កត់ធ្ងន់ថា ករណីឆ្លងវីរុសទាំងអស់ នៅក្នុងប្រទេសកាហ្សាក់ស្ថានរាប់បញ្ចូលទាំងករណីដែលមិនដឹងពីប្រភពច្បាស់លាស់ គឺសុទ្ធតែស្របតាមគោលការណ៍ណែនាំ របស់អង្គការសុខភាពពិភពលោក។ យ៉ាងណាក៏ដោយកាហ្សាក់ស្ថានមិនបានពន្យល់ឲ្យលម្អិត អំពីវីរុសបង្កជំងឺរលាកសួតថ្មី ដែលចិនបានអះអាងថា សាហាវជាងវីរុសកូរ៉ូណានោះឡើយ៕

ដោយ៖ស តារា


ចែករំលែក៖