ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ទៀតហើយរមណីដ្ឋានទឹកធ្លាក់ថ្មដាតូច ជាក់ស្ដែងកាលពីវេលាម៉ោង១៤ និង៣០នាទី រសៀលថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ មានភ្ញៀវទេសចរណ៍ជាតិចំនួន ២នាក់ ត្រូវបានទឹកហូរកួចយកទៅបាត់ ។រហូតមកដល់ម៉ោងនេះរកឃើញម្នាក់របួសបាក់ជើង និងចង្កេះ កងកម្លាំងសមត្ថកិច្ចកំពុងបន្ដាក់គ្នាដូចខ្យងដើម្បីតាមរកបន្ត ។
ហេតុការណ៍គ្រោះថ្នាក់ទឹកហូរកួចមនុស្សខាងលើ បានកើតឡើងនៅចំណុចរមណីដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
យោតតាមបុរសឈ្មោះ ប៊ុន ទិត្យ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផាសុីស្រា ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលនៅកន្លែងកើតហេតុផ្ទាល់ និងជនរងរបួសស្រុញក្បាលជង្គង់ខាងឆ្វេង និងចង្កេះ បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលស្រុកវាលវែងថា គាត់កំពុងហូបបាយស្រាប់តែឃើញទឹកហូរកួចនារីម្នាក់ គាត់ហក់ទៅជួយចាប់ដោយដៃម្ខាងចាប់ខ្សែពួ ឯដៃម្ខាងទៀតចាប់ជាប់អាវនារីនោះ ដោយសារទឹកហូរខ្លាំងក៏របូតដៃធ្លាក់ទៅក្រោមបណ្ដាលឲ្យរងរបួសបែបនេះ ក្រោយគេរកគាត់ឃើញប៉ុន្មានម៉ោងក្រោយ ហើយត្រូវគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
បើតាមការរៀបរាប់ពីបុរសដដែលក្នុងរបាយការណ៍នគរបាលខាងលើបន្តថា នារីបាត់ខ្លួនត្រូវបានគេស្គាល់ឈ្មោះ នូ រ៉ានាត អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចកងកម្លាំងកំពុងសហការគ្នាតាមរុករកដើម្បីជួយសង្រ្គោះនារីដែលបាត់ខ្លួន ។ ដោយ៖បុឹម ពិន