ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងខណៈដែលកំពុងបើកបរ ស្រាប់តែមានរថយន្តដឹកឥដ្ឋមួយគ្រឿងផ្សេងទៀតបើកមកជែងពីខាងស្តាំរួចជ្រុលមកកៀររុញចូលទៅក្នុងចន្លោះទ្រូងផ្លូវដែលកំពុងសាងសង់ បណ្តាលឲ្យដាច់កង់មុខ ហើយទ្រូងផ្លូវត្រូវបែកបាក់អស់ជាង១០ម៉ែត្រ រីឯរថយន្តបង្កព្យាយាមបើករត់គេចបានចម្ងាយជាង៣គីឡូម៉ែត្រទើបឃាត់បានដែលអ្នកបើកបររថយន្តទាំងពីរគ្រឿងសុទ្ធតែជាអ្នកស្គាល់គ្នា ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តរងគ្រោះម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-0801 ដឹកឥដ្ឋ រងការខូចខាតដាច់កង់ខាងមុខខ្ទេចអស់ ។ ចំណែករថយន្តបង្កហេតុគ្រាន់តែដឹងថាជារថយន្តម៉ាកហុីយ៉ាន់ដាយទ្រុង ដឹកឥដ្ឋដូចគ្នា ចេញពីឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដូចគ្នា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តរងគ្រោះ កំពុងបើកតាមផ្លូវជាតិលេខ៣ពីជើងទៅត្បូង ដោយបើកអែបស្របជាប់នឹងទ្រូងផ្លូវ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កដែលដឹកឥដ្ឋដូចគ្នាហើយបើកស្របទិសគ្នាបានបើកជែងពីខាងស្តាំមិនផុតបែរជាកៀររថយន្តរងគ្រោះរុញចូលទៅទ្រូងផ្លូវដែលក្រុមហ៊ុនចិនកំពុងសាងសង់ បណ្តាលឲ្យបាក់បែកអស់ជាង១០ម៉ែត្រ ហើយរថយន្តដាច់កង់ទៅមុខលែងរួច ជាប់ក្នុងចន្លោះទ្រូងផ្លូវ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ រីឯរថយន្តបង្កហេតុបានបើកបន្ថែមល្បឿនបំណង់រត់គេច បានចម្ងាយជាង៣គីឡូម៉ែត្រទើបសមត្ថកិច្ចតាមឃាត់បាន គឺសុទ្ធតែអ្នកបើករថយន្តស្គាល់គ្នា ចេញពីឃុំព្រែកអញ្ចាញដូចគ្នា ។
ក្រោយកើតហេតុ ខណៈដែលគ្មានអ្នករងរបួស តំណាងភាគីរថយន្តបង្កបានចេញមុខមកសម្របសម្រួល ចេញសងទៅខាងរថយន្តរងគ្រោះ និងសម្រួលជាមួយក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៣ ដោយចេញសងថ្លៃខូចខាតទ្រូងផ្លូវរបស់ក្រុមហ៊ុនចិន ដែលកំពុងសាងសង់ ដើម្បីបញ្ចប់រឿង ៕ដោយ៖និន សុភ័ស្ត