ភ្នំពេញ៖ មានរថយន្តដឹកទំនិញអេតចាយ១គ្រឿងនៅសុខៗស្រាប់តែរអិលបុកទ្វារចេញមកក្រៅឃ្លាំងនិងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងប្រព័ន្ធភ្លើង ធ្វើឲ្យប្រជាពលរដ្ឋម្នាក់ៗភ័យព្រលឹងចុងសក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២០ នៅខ្លាំងស្តុកអេតចាយដ៏ធំមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ជិតនឹងហ្គារ៉ាសសាំងកាល់តិច សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដែលមានស្លាកលេខភ្នំពេញ3D-5486ខាងលើនេះបានស្ថិតនៅក្នុងឃ្លាំងដូចសព្វដង លុះពេលដល់វេលាម៉ោងកើតហេតុខាងលើស្រាប់តែលឺសំលេងផ្ទុះ ហើយរថយន្តនោះក៏រអិលបុកក្លោងទ្វារ ចេញមកខាងក្រៅឃ្លាំងបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្នាក់ៗភ័យស្លន់ស្លោរត់ទៅយកបំពង់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់ទើបរលត់ទៅវិញ ដោយមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។ ប្រភពពីកន្លែងកើតហេតុខាងលើបានបន្ថែមទៀតថា ហេតុការណ៍នេះសង្ស័យមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត និងមិនបានដោះចង្កឹះលេខ ទើបបណ្តាលឲ្យឆេះបែបនេះ។
សូមបញ្ជាក់ថាហេតុការណ៍នេះមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសទេ ហើយក៏មិនមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែរ។
ប្រជាពលរដ្ឋដែរស្នាក់នៅក្បែរឃ្លាំងអេតចាយខាងលើ បានសំណូមពរឲ្យម្ចាស់ទីតាំងមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ត្រូវមានបំពង់ពន្លត់អគ្គិភ័យការពារគ្រប់គ្រាន់ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យទាន់ពេលវេលាដូចករណីខាងលើនេះ៕ដោយ៖ ភារ៉ាដង្កោ