អន្តរជាតិ៖ មនុស្សជាច្រើនបង្ហញការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលតារាស្រីដ៏ល្បីល្បាញ នាងប៉ារីសហ៊ីលតុន Paris Hilton ប្រកាសប្រជែងតំណែងប្រធានាធិបតី អាមេរិក។
មិនតែប៉ុណ្ណោះ នាងបានប្រកាសថា នឹងប្តូរពណ៌ សេតវិមាន«White house»ទៅជា «Pink house»វិញ។
តារាដ៏ល្បីល្បាញរបស់ហូលីវូដនិងជាអ្នកជំនួញ ដ៏ជោគជ័យ នាងប៉ារីសហ៊ីលតុន អាយុ៣៩ឆ្នាំបានប្រកាសថា«នេះជាការបោះឆ្នោតដ៏សំខាន់បំផុតរបស់យើង។ សន្លឹកឆ្នោតនីមួយៗគឺបានបង្កើតឲ្យមានការខុសប្លែកគ្នា ដូច្នេះមនុស្សគ្រប់រូបត្រូវតែទៅបោះឆ្នោត»។
នាង ប៉ារីស ហ៊ីលតុនក៏បានបង្ហាញពាក្យស្លោកសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន គឺ “Let’s Make America Hot Again #ParisForPresident” (ធ្វើឲ្យអាមេរិក ទាក់ទាញឡើងវិញ)។ ទន្ទឹមនឹងនោះ នាង ប៉ារីស ហ៊ីលតុនក៏បានបញ្ជាក់ផងដែរ ថាអ្វីដែលនាងត្រូវធ្វើដំបូងគេបង្អស់ពេលក្លាយជាប្រធានាធិបតី អាមេរិក គឺប្តូរពណ៌សេតវិមាន ពីពណ៌ស ទៅជាពណ៌ផ្កាឈូកវិញ។
នាងប៉ារីស ហ៊ីលតុន ធ្លាប់ធ្វើឲ្យគគ្រើក ហូលីវូដ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះនាងកម្របង្ហាញខ្លួនជាសាធារណៈ ទាំងនោះហើយបានជាមនុស្សជាច្រើនយល់ឃើញថា នាងបានចាកចេញពីសិល្បៈ ដោយផ្តោតទៅលើមុខជំនួញរបស់គ្រួសារវិញ។
ប៉ុន្តែការប្រកាស ចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក ធ្វើឲ្យ គគ្រើកវិស័យសិល្បៈជាថ្មី ។
មនុស្សជាច្រើនយល់ឃើញថា សកម្មភាពរបស់នាងប៉ារីសហ៊ីលតុន ដែលបានប្រកាសប្រជែងតំណែងប្រធានាធិបតីអាមេរិក គឺគ្រាន់តែជាយុទ្ធសាស្ត្រ បង្កើន ការចាប់អារម្មណ៍ ជាថ្មីមកលើខ្លួនតែប៉ុណ្ណោះ ដើម្បីផលប្រយោជន៍អាជីវកម្ម របស់នាង៕ធី រីណា