ភ្នំពេញ៖ ទីបំផុតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី នឹងលេចមុខក្នុងផលិតកម្មកាឡាក់ស៊ី របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយចប់កុងត្រាជាមួយផលិតកម្មសាន់ដេក្នុងខែកក្កដា ឆ្នាំ២០២០ នេះ។ ការទម្លាយនេះក្រោយពីតារាស្រីរូបនេះទើបនឹងបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនក្រៅផលិតកម្មសាន់ដេមិនបានប៉ុន្មានផង។
តារាចម្រៀង យូរី បានចូលច្រៀងនៅក្នុងផលិតកម្មសាន់ដេ តាំងពីឆ្នាំ ២០១៣ ។ ក្នុងរយៈពេលជិត១០ឆ្នាំ យូរី ក៏ត្រូវបានផលិតកម្មលើកស្ទួយជួយឲ្យមានបទល្បីៗជាច្រើន រួមទាំងបានដឹកដៃសង្សារបណ្តូលចិត្តលោក B Mo ចូលច្រៀងរួមគ្នានៅទីនោះផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យូរី ក៏បង្ហាញភាពមានទំនាក់ទំនងល្អជាមួយថៅកែផលិតកម្មខាងលើផងដែរ ពិសេសក្រោយពីនាង និងគូស្នេហ៍បានចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសកូរ៉េតាមការរៀបចំរបស់លោកឧកញ៉ានោះ។ ដំណឹងចុងក្រោយដែលទទួលបានពីអ្នកជិតដិតនាងបានលើកឡើងថា យូរី ត្រៀមចេញបទចម្រៀងថ្មីជាច្រើនបទនៅផលិតកម្មលោកឧកញ៉ាហើយក្រោយពីនាងផុតកុងត្រាជាផ្លូវការនៅផលិតកម្មនេះនៅខែកក្កដា ឆ្នាំ២០២០នេះផងដែរ។ ប្រភពថានាងមានបទចម្រៀងមួយចំនួនត្រៀមរួចជាស្រេចហើយត្រៀមចាប់ដៃគូជាមួយ ខេម និង តន់ ច័ន្ទសីម៉ា ទៀតផង។
ជុំវិញការលើកឡើងខាងលើនេះដែរកញ្ញា យូរី បានឲ្យដឹងថា ខ្លួនពិតជាចប់កុងត្រាជាមួយផលិតកម្មសានដេ ពិតមែនហើយក៏មិនបន្តកុងត្រាដែរ។ ដោយពេលនេះនាង ត្រៀមចេញបទចម្រៀងនៅផលិតកម្មថ្មីនៅខែសីហា ខាងមុខនេះហើយ តែនាង សូមមិនប្រាប់ថាផលិតកម្មណានោះទេ។
ទោះជាយ៉ាងណាប្រភពក្រៅផ្លូវការបានឲ្យដឹងដែរថា យូរី នឹងក្លាយជាតារាចម្រៀងពេញសិទ្ធិក្នុងផលិតកម្មនេះបន្ទាប់ពីតារាចម្រៀងខេម ដែលទើបនឹងធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងនឹងស្នាដៃបទចម្រៀងថ្មីមួយចំនួន៕ដោយ៖វឌ្ឍនា