ព័ត៌មានទាន់ហេតុការណ៍៖

យូរី ត្រៀមរើបង្វិចចូលច្រៀងនៅផលិតកម្មលោកឧកញ៉ា

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី នឹងលេចមុខក្នុងផលិតកម្មកាឡាក់ស៊ី របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយចប់កុងត្រាជាមួយផលិតកម្មសាន់ដេក្នុងខែកក្កដា ឆ្នាំ២០២០ នេះ។ ការទម្លាយនេះក្រោយពីតារាស្រីរូបនេះទើបនឹងបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនក្រៅផលិតកម្មសាន់ដេមិនបានប៉ុន្មានផង។
តារាចម្រៀង យូរី បានចូលច្រៀងនៅក្នុងផលិតកម្មសាន់ដេ តាំងពីឆ្នាំ ២០១៣ ។ ក្នុងរយៈពេលជិត១០ឆ្នាំ យូរី ក៏ត្រូវបានផលិតកម្មលើកស្ទួយជួយឲ្យមានបទល្បីៗជាច្រើន រួមទាំងបានដឹកដៃសង្សារបណ្តូលចិត្តលោក B Mo ចូលច្រៀងរួមគ្នានៅទីនោះផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យូរី ក៏បង្ហាញភាពមានទំនាក់ទំនងល្អជាមួយថៅកែផលិតកម្មខាងលើផងដែរ ពិសេសក្រោយពីនាង និងគូស្នេហ៍បានចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសកូរ៉េតាមការរៀបចំរបស់លោកឧកញ៉ានោះ។ ដំណឹងចុងក្រោយដែលទទួលបានពីអ្នកជិតដិតនាងបានលើកឡើងថា​ យូរី ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​ជា​ច្រើន​បទ​នៅ​ផលិតកម្ម​លោកឧកញ៉ាហើយក្រោយពីនាងផុតកុងត្រាជាផ្លូវការនៅផលិតកម្មនេះនៅខែកក្កដា ឆ្នាំ២០២០នេះផងដែរ។ ប្រភពថានាងមានបទចម្រៀងមួយចំនួនត្រៀមរួចជាស្រេចហើយ​ត្រៀម​ចាប់​ដៃគូ​ជាមួយ ខេម និង​ តន់ ច័ន្ទសីម៉ា ទៀតផង។

ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​នេះ​ដែរកញ្ញា យូរី បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​ចប់​កុង​ត្រា​ជាមួយ​ផលិតកម្ម​សានដេ ពិត​មែន​ហើយ​ក៏​មិន​បន្តកុង​ត្រា​ដែរ​។ ដោយ​ពេល​នេះ​នាង ត្រៀម​ចេញ​បទ​ចម្រៀង​​នៅ​ផលិតកម្ម​ថ្មី​នៅ​ខែសីហា ខាង​មុខ​នេះ​ហើយ តែ​នាង សូម​មិន​ប្រាប់​ថា​ផលិតកម្ម​ណា​នោះ​ទេ​។
​ទោះជាយ៉ាងណាប្រភពក្រៅផ្លូវការបានឲ្យដឹងដែរថា យូរី នឹងក្លាយជាតារាចម្រៀងពេញសិទ្ធិក្នុងផលិតកម្មនេះបន្ទាប់ពីតារាចម្រៀងខេម ដែលទើបនឹងធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងនឹងស្នាដៃបទចម្រៀងថ្មីមួយចំនួន៕ដោយ៖វឌ្ឍនា


ចែករំលែក៖