ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាន់ ដាណេ មានសន្ទុះខ្លាំងទោះដំណាក់កាលកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖លោក វ៉ាន់ ដាណេ អតីតបេក្ខជន X Factor Cambodia ធ្លាប់ធ្វើឲ្យទស្សនិកជនស្គាល់តាមរយៈបទចម្រៀងដ៏កម្សត់គឺបទកូនខុសហើយម៉ែ ថ្មីៗនេះលោកទើបនឹងទទួលបានឱកាសបង្ហាញមុខកាន់តែច្រើនលើឆាកតន្ត្រីតូចធំជាច្រើនបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីសន្ទុះទីផ្សារកាន់តែល្អប្រសើរបើទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩

ចាប់តាំងពីដើមឆ្នាំ ២០២០មក តារាចម្រៀង វ៉ាន់ ដាណេ អាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនតាមរយៈស្នាដៃបទចម្រៀងថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ពិសេសក្រោយពីលោកលេចមុខក្នុងក្រុមចម្រៀងនៃផលិតកម្ម Jack KhunMedai រួមទាំងការងារជាពិធីកររួមគ្នាជាមួយសិល្បករមួយចំនួននៅលើគេហទំព័រផលិតកម្មផងដែរ ថ្មីៗនេះលោកបានបញ្ចេញស្នាដៃបទចម្រៀងថ្មីទាំងការច្រៀងបទចម្រៀងមរតកដើម និងបទចម្រៀងស្នាដៃនិពន្ធថ្មី ហើយលោកក៏បានឱកាសពីផលិតករនៃបណ្តាស្ថានីយទូរទស្សន៍នានា។ តារារូបនេះបញ្ជាក់ថា លោកពិតជារីករាយក្រោយពីអ្នកផលិតកម្មវិធីទូរទស្សន៍នានា បានផ្តល់ឱកាសសម្រាប់លោកបានបង្ហាញសមត្ថភាពជាបន្ត។ លោកថាតាមរយៈឱកាសទាំងនេះគឺជាកម្លាំងចិត្តសម្រាប់ជំរុញឲ្យលោកបន្តតស៊ូក្នុងអាជីពសិល្បៈបន្តដែលលោកក៏គ្រោងនឹងបញ្ចេញបទចម្រៀងថ្មីៗបន្តទៀត។

គួរបញ្ជាក់ដែរថាឆ្លងកាត់ជីវិតជាក្មេងកំព្រារស់នៅជាមួយពូមីងវ៉ាន់ ដាណេប្រឹងប្រែងជម្នះតស៊ូខ្លាំងក្នុងជីវិត រហូតទទួលបានការគាំទ្រច្រើនពីទស្សនិកជនតាមរយៈការបង្ហាញសមត្ថភាពច្រៀងយ៉ាងពិរោះរណ្តំចិត្ត។

តារាចម្រៀងរូបនេះបញ្ជាក់ដែរថានឹងត្រៀមបញ្ចេញស្នាដៃបទចម្រៀងមួយចំនួនដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ៕ ដោយ៖វឌ្ឍនា


ចែករំលែក៖