ព័ត៌មានទាន់ហេតុការណ៍៖

WHO៖ ព្រមាន​ប្រទេស​ជាច្រើន​ ដែល​ដោះស្រាយ​ការ​រាលដាល​ជំងឺ COVID-19 មិនបាន​ល្អ

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលស្ថានភាពជំងឺឆ្លង COVID-19 នៅតែទាន់ស្រាកស្រាន្ត អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១៣ ខែកក្កដាបានចេញសារព្រមានជាថ្មី សម្រាប់ប្រទេសជាច្រើនដែលដោះស្រាយការរាលដាលជំងឺ COVID-19 មិនបានល្អ ដោយមិនមានគោលការណ៍ជាក់លាក់ដើម្បីទប់ទល់ជំងឺឆ្លងមួយនេះ ស្របពេលដែលប្រជាជនកាន់តែច្រើន ក៏កាន់តែប្រហែសក្នុងការរស់នៅ​ ​

អង្គការ​WHO បញ្ជាក់ថា ពិភពលោកនឹងមិនអាចវិលទៅរកស្ថានភាពប្រក្រតីដូចមុនការផ្ទុះ COVID-19 នៅពេលឆាប់ៗនេះឡើយបន្ទាប់ពីស្ថានភាពជំងឺមួយនេះ នៅជុំវិញពិភពលោក នៅតែបន្តលើផ្លូវទៅរកភាពអាក្រក់កាន់តែខ្លាំងឡើងៗជាមួយនឹងការកើនឡើងករណីឆ្លងថ្មីនៅតាមប្រទេសជាច្រើន គ្រាន់តែនៅថ្ងៃទី១២ ខែកក្កដា ករណីឆ្លងប្រចាំថ្ងៃ ទូទាំងពិភពលោកមានដល់ទៅ២៣ម៉ឺននាក់ ក្នុងរយៈពេលមួយថ្ងៃដែលជាចំនួនខ្ពស់បំផុត

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា លោក Tedros បញ្ជាក់ថាប្រទេសខ្លះបានបន្ធូរវិធានការរឹតត្បិតដើម្បីស្រោចស្រង់សេដ្ឋកិច្ចបានប្រឈមមុខការងើបឡើងរបស់វីរុស ព្រោះពួកគេមិនអនុវត្តតាមវិធានក្នុងការទប់ស្កាត់ហានិភ័យ លោកនិយាយច្បាស់ៗថា នឹងមិនមានការវិលត្រឡប់ទៅរកស្ថានភាពដូចមុននៅពេលខ្លីខាងមុខឡើយ

«​ខ្ញុំនិយាយដោយត្រង់ ប្រទេសជាច្រើនកំពុងឆ្ពោះទៅរកទិសដៅខុស​» នេះជាការអះអាងរបស់ប្រមុខអង្គការសុខភាពពិភពលោកមួយនេះដែលបន្តថាវីរុសនៅតែសត្រូវលេខមួយដដែល ប៉ុន្តែសកម្មភាពរបស់រដ្ឋាភិបាល និងប្រជាជនមិនបានឆ្លុះបញ្ចាំងពីរឿងនេះដែរ ទីភ្នាក់ងារអន្តរជាតិមួយនេះ បានទទូចជាថ្មីឲ្យមនុស្សម្នាអនុវត្តតាមគោលការណ៍មូលដ្ឋានដូចជាការរក្សាគម្លាតសុវត្ថិភាព ការលាងដៃ ការពាក់ម៉ាស់និងការមិនចេញពីផ្ទះពេលមិនស្រួលខ្លួន បើមិនចង់ឲ្យស្ថានការណ៍វិវត្តកាន់តែអាក្រក់

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានបញ្ជាក់ថា សព្វថ្ងៃ ពិភពលោកកំពុងជួបសេណារីយូបួនទាំងនោះ គឺប្រទេសដែលទទួលបានការព្រមាន ហើយគេចផុតពីការផ្ទុះទ្រង់ទ្រាយធំ​, ប្រទេសដែលអាចគ្រប់គ្រងការឆ្លងបាន​, ប្រទេសដែលបន្ធូរបន្ថយការរឹតត្បិតហើយបច្ចុប្បន្នកំពុងវិលទៅរកស្ថានភាពធ្ងន់ធ្ងរវិញ និងប្រទេសដែលស្ថិតក្នុងដំណាក់កាលឆ្លងរហ័ស

សូមជម្រាបថា ជុំវិញរឿងនេះ អង្គការមួយនេះមិននិយាយចំឈ្មោះអ្នកណាសារចម្រុះរបស់មេដឹកនាំនៅជុំវិញពិភពលោក ក៏ធ្វើឲ្យ WHO បារម្ភផងដែរដោយលោក Tedros បានផ្ញើសារទៅកាន់ប្រទេសជាច្រើនថា ប្រសិនបើរដ្ឋាភិបាលពួកគេមិនដាក់ចេញយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីទប់ស្កាត់ការចម្លងវីរុសទេនោះ ហើយប្រសិនបើសាធារណជនមិនគោរពតាមគោលការណ៍ថែមទៀត ការរាលដាលជំងឺនេះ នឹងមានលទ្ធផលតែមួយ គឺកាន់តែអាក្រក់ទៅៗ៕ដោយ៖ស តារា


ចែករំលែក៖