ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនជាតិចិនម្នាក់ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ខ្លួនពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ តែមិនបានសម្រេច។
ការឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង០០ និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជួលលេខ៤០ ផ្លូវលេខ១០០៧ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ WU WEI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅផ្ទះជួលលេខ១A ផ្លូវលេខ៦៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខG51723461 (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់គេតែមិនបានសម្រេច។ ចំណែកជនរងគ្រោះមានឈ្មោះ សាម សៀកមួយ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤០ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា៖ តាមចម្លើយសារភាពរបស់ជនសង្ស័យតាមរយៈអ្នកបកប្រែបានប្រាប់ឲ្យដឹងថា នៅយប់កើតហេតុនេះខ្លួនបានផឹកស៊ីជាមួយនឹងមិត្តភក្តិ។ក្រោយមកខ្លួនបានត្រឡប់មកផ្ទះជួលវិញ ពេលមកដល់ចំណុចកើតខ្លួនបានវាយកញ្ចក់ទូដែលគេដាក់ម៉ាស៊ីនសម្រាប់ឆុងកាហ្វេបណ្តាលឲ្យបែក ភ្លាមៗនោះស្រាប់តែសមត្ថកិច្ចចុះទៅដល់ឃាត់គេតែម្តងទៅ ។ ចំណែកសមត្ថកិច្ចវិញបានប្រាប់ថា បើទោះបីជាជនសង្ស័យឆ្លើយយ៉ាងនេះក្តីក៏សមត្ថកិច្ចបានកសាងសំណុំរឿងរួចរាល់ហើយយោងទៅតាមពាក្យបណ្តឹងរបស់ដើមបណ្តឹង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕ដោយ៖ចន្ទលីហ្សា


ចែករំលែក៖