ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់បានដើរអុកឡុកគេឯងជុំវិញមន្ទីរពេទ្យកាល់ម៉ែតត្រូវបានក្រុមសន្តិសុខការពារសណ្តាប់ធ្នាប់និងប្រជាពលរដ្ឋចាប់ចងរង់ចាំកម្លាំងសមត្ថកិច្ចមកដល់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្បែររបងមន្ទីរពេទ្យកាល់ម៉ែត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិកូរ៉េម្នាក់សង្ស័យបែកថ្នាំ បានដើរចូលទៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រួចធ្វើសកម្មភាពអុកឡុករញ៉េរញ៉ៃដល់គ្រូពេទ្យ ពេលឃើញដូច្នេះក្រុមសន្តិសុខនៅក្នុងមន្ទីរពេទ្យបានអូសយកគាត់ចេញមកខាងក្រៅមន្ទីរពេទ្យ ប៉ុន្តែពេលមកដល់ខាងក្រៅរបងបុរសជនជាតិកូរ៉េខាងលើបានដើររកវ៉ៃគេឯងនៅតាមបណ្តោយផ្លូវ រួមទាំងវ៉ៃកញ្ចក់រថយន្តគេថែមទៀត ទើបក្រុមសន្តិសុខសណ្តាប់ធ្នាប់និងប្រជាពលរដ្ឋសម្រេចចិត្តចាប់បុរសជនជាតិកូរ៉េរូបនេះចងជាប់នឹងបង្គោលថ្មរង់ចាំកម្លាំងសមត្ថកិច្ចមកដល់។
លុះជាច្រើននាទីក្រោយមកកម្លាំងសមត្ថកិច្ចក៏បានមកដល់ចំណុចកើតហេតុ រួចហើយបានយកទឹកឱ្យបុរសរូបនេះផឹក ហើយយកគាត់ទៅអប់រំរួចក៏ដោះលែងគាត់វិញទៅ៕ ដោយ៖ រ៉ារ៉ា