ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះរោងចក្រផលិតនាវាអុីរ៉ង់ បង្កការខូចខាតយ៉ាងខ្លាំង

ចែករំលែក៖

អន្តរជាតិ៖ក្រុមពន្លត់អគ្គិភ័យអុីរ៉ង់បានខិតខំ ពន្លត់ភ្លើងឆេះនៅរោងចក្រផលិតនាវា Delvar Kashti Bushehr ស្ថិតនៅទីក្រុង Bushehr ប្រទេសអុីរ៉ង់។ រយៈពេលចុងក្រោយនេះ អុីរ៉ង់ ប្រឈមករណី ផ្ទុះឆេះជាច្រើនដោយមិនដឹងពីមូលហេតុ​ ហើយភាគច្រើនកើតឡើងនៅក្នុងតំបន់យុទ្ធសាស្ត្ររបស់ប្រទេសនេះ។
នៅពេលនេះគ្រោះអគ្គិភ័យកើតឡើងនៅរោងចក្រផលិតនាវា ស្ថិតនៅទីក្រុងកំពង់ផែBusheh ភាគខាងត្បូង ប្រទេសអុីរ៉ង់កាលពីថ្ងៃទី ១៥ ខែកក្កដា បណ្តាលឲ្យ នាវា​៧គ្រឿង​រងការខូចខាតយ៉ាងខ្លាំង ។ ភាគច្រើននាវាដែលត្រូវភ្លើងឆេះ ជាប្រភេទ នាវានេសាទ។ ហេតុការអគ្គិភ័យខាងលើ មិនបណ្តាលឲ្យមានអ្នករងរបួស​ឬស្លាប់នោះឡើយ។
អុីរ៉ង់បានប្រឈមនឹងរឿងរ៉ាវជាច្រើននាពេលកន្លងមកថ្មី ៗ​ដោយទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសនេះ មានទាំងទីតាំងយោធា បរមាណូ ឧស្សាហកម្ម … ជួបគ្រោះថ្នាក់ផ្ទុះឆេះជាបន្តបន្ទាប់ ចាប់តាំងពីចុងខែមិថុនាមក ទល់ពេលនេះ។
ការផ្ទុះឆេះទ្រង់ទ្រាយធំបំផុត​ គឺនៅទីតាំងរោងចក្របរមាណូ Natanz ជាទីកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម​។ ការផ្ទុះឆេះនោះ​ បានបង្កឲ្យខូចខាតយ៉ាងខ្លាំង​ ហើយរដ្ឋាភិបាល​បានកំណត់ដឹងពីមូលហេតុ ប៉ុន្តែមិនបានប្រកាសឲ្យដឹងជាសាធារណៈនោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖