ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​បង់​ក្លា​ដែ​ស ឃាត់ខ្លួន​ម្ចាស់​មន្ទីរពេទ្យ​ម្នាក់ បន្ទាប់ពីចេញលិខិត​ក្លែងក្លាយ​រាប់ពាន់​សន្លឹក បញ្ជាក់ថា​គ្មាន COVID-19

ចែករំលែក៖

អន្តរជាតិ៖ ប៉ូលិសបង់ក្លាដែ បានឃាត់ខ្លួនម្ចាស់មន្ទីរពេទ្យម្នាក់ ឈ្មោះMohammad Shahed ក្រោយរត់គេចខ្លួនថ្ងៃមកហើយនិងប្រុងគេចខ្លួនបន្តទៅកាន់ប្រទេសឥណ្ឌាបន្ទាប់ពីអាជ្ញាធរស្រាវជ្រាវរកឃើញថា រូបគាត់បានចេញលិខិតបញ្ជាក់លទ្ធផលអវិជ្ជមានជំងឺ COVID-19 ក្លែងក្លាយរាប់ពាន់សន្លឹកនៅគ្លីនិកចំនួនពីរ ទាំងពេលខ្លះមិនបានធ្វើតេស្តអ្នកជំងឺផងនោះ

អ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សប៉ូលិសបង់ក្លាដែលោកវរសេនីយ៍Ashique Billah បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាលោកMohammad Shahed ដែលមានវ័យ៤២ឆ្នាំ ត្រូវចាប់ខ្លួននៅក្បែ​រច្រាំងទន្លេមួយកន្លែងនៅជាប់ព្រំដែនជាមួយឥណ្ឌា ខណៈប្រុងរត់គេចខ្លួន

លោកវរសេនីយ៍ Ashique Billah បន្តថា គ្លីនិករបស់ Shaheed បានធ្វើតេស្តរក COVID-19 ចំនួន១០៥០០ ក្នុងនោះតេស្តចំនួន៤២០០ គឺត្រឹមត្រូវ ហើយ៦៣០០តេស្តទៀត មានលទ្ធផលទាំងមិនបានធ្វើតេស្តអ្វីទាំងអស់ក្រៅពីការបន្លំលទ្ធផល Shaheed ក៏ត្រូវចោទថា យកថ្លៃពីការធ្វើតេស្តនៅគ្លីនិកមួយកន្លែងក្នុងរដ្ឋធានីដាក្កា ទាំងខ្លួនបានយល់ព្រមជាមួយរដ្ឋាភិបាលថា៖ មិនយកកម្រៃអ្វីឡើយ

បើតាមទីភ្នាក់ងារAFP បានបន្ថែមថា គ្រូពេទ្យល្បីឈ្មោះម្នាក់ និងស្វាមី ក៏ត្រូវបានចាប់ខ្លួនក្រោយចេញលិខិតបញ្ជាក់ក្លែងក្លាយនេះនៅមន្ទីរពិសោធន៍មួយកន្លែងក្នុងរដ្ឋធានីផងដែរ ដោយShaheed ស្ថិតក្នុងចំណោមជនសង្ស័យជាច្រើនដែលបោកប្រាស់ប្រជាជនបង់ក្លាដែទាក់ទងការធ្វើតេស្តរកCOVID-19

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញក៏បានព្រមានថា ករណីបន្លំលទ្ធផលបែបនេះនឹងធ្វើឲ្យស្ថានការណ៍ COVID-19 នៅបង់ក្លាដែកាន់តែយ៉ាប់យ៉ឺន បន្ថែមពីស្ថានភាពដែលកំពុងមិនល្អស្រាប់ក្នុងប្រទេសមានប្រជាជន១៦៨លាននាក់មួយនេះ ដោយបង់ក្លាដែ បានរាយការណ៍ពីករណីឆ្លងចំនួន១៩៣០០០នាក់ និងស្លាប់២៤៥៧នាក់ ប៉ុន្តែគេសង្ស័យថា ករណីឆ្លងជាក់ស្ដែងមានច្រើនជាងនេះ បើការបន្លំលទ្ធផលមានច្រើនសន្ធឹកបែបនេះនោះ៕ដោយ៖ស តារា


ចែករំលែក៖