អន្តរជាតិ៖ ប៉ូលិសបង់ក្លាដែស បានឃាត់ខ្លួនម្ចាស់មន្ទីរពេទ្យម្នាក់ ឈ្មោះMohammad Shahed ក្រោយរត់គេចខ្លួន៩ថ្ងៃមកហើយ និងប្រុងគេចខ្លួនបន្តទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីអាជ្ញាធរស្រាវជ្រាវរកឃើញថា រូបគាត់បានចេញលិខិតបញ្ជាក់លទ្ធផលអវិជ្ជមានជំងឺ COVID-19 ក្លែងក្លាយរាប់ពាន់សន្លឹក នៅគ្លីនិកចំនួនពីរ ទាំងពេលខ្លះមិនបានធ្វើតេស្តអ្នកជំងឺផងនោះ ។
អ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សប៉ូលិសបង់ក្លាដែស លោកវរសេនីយ៍Ashique Billah បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាលោកMohammad Shahed ដែលមានវ័យ៤២ឆ្នាំ ត្រូវចាប់ខ្លួននៅក្បែរច្រាំងទន្លេមួយកន្លែងនៅជាប់ព្រំដែនជាមួយឥណ្ឌា ខណៈប្រុងរត់គេចខ្លួន។
លោកវរសេនីយ៍ Ashique Billah បន្តថា គ្លីនិករបស់ Shaheed បានធ្វើតេស្តរក COVID-19 ចំនួន១០៥០០ ក្នុងនោះតេស្តចំនួន៤២០០ គឺត្រឹមត្រូវ ហើយ៦៣០០តេស្តទៀត មានលទ្ធផលទាំងមិនបានធ្វើតេស្តអ្វីទាំងអស់។ ក្រៅពីការបន្លំលទ្ធផល Shaheed ក៏ត្រូវចោទថា យកថ្លៃពីការធ្វើតេស្តនៅគ្លីនិកមួយកន្លែងក្នុងរដ្ឋធានីដាក្កា ទាំងខ្លួនបានយល់ព្រមជាមួយរដ្ឋាភិបាលថា៖ មិនយកកម្រៃអ្វីឡើយ។
បើតាមទីភ្នាក់ងារAFP បានបន្ថែមថា គ្រូពេទ្យល្បីឈ្មោះម្នាក់ និងស្វាមី ក៏ត្រូវបានចាប់ខ្លួនក្រោយចេញលិខិតបញ្ជាក់ក្លែងក្លាយនេះនៅមន្ទីរពិសោធន៍មួយកន្លែងក្នុងរដ្ឋធានីផងដែរ។ ដោយShaheed ស្ថិតក្នុងចំណោមជនសង្ស័យជាច្រើនដែលបោកប្រាស់ប្រជាជនបង់ក្លាដែសទាក់ទងការធ្វើតេស្តរកCOVID-19 ។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញក៏បានព្រមានថា ករណីបន្លំលទ្ធផលបែបនេះនឹងធ្វើឲ្យស្ថានការណ៍ COVID-19 នៅបង់ក្លាដែសកាន់តែយ៉ាប់យ៉ឺន បន្ថែមពីស្ថានភាពដែលកំពុងមិនល្អស្រាប់ក្នុងប្រទេសមានប្រជាជន១៦៨លាននាក់មួយនេះ។ ដោយបង់ក្លាដែស បានរាយការណ៍ពីករណីឆ្លងចំនួន១៩៣០០០នាក់ និងស្លាប់២៤៥៧នាក់។ ប៉ុន្តែគេសង្ស័យថា ករណីឆ្លងជាក់ស្ដែងមានច្រើនជាងនេះ បើការបន្លំលទ្ធផលមានច្រើនសន្ធឹកបែបនេះនោះ៕ដោយ៖ស តារា