អន្តរជាតិ៖ ក្រសួងការបរទេសចិន នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០ម្សិលមុិញនេះ បានចោទប្រកាន់អង់គ្លេសថា ព្រោះតែជឿតាមការបោកប្រាស់របស់អាមេរិក ទើបអង់គ្លេសសម្រេចចិត្តក្នុងការហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាអ៉ីនធើណេតជំនាន់ទី៥ (5G) របស់ក្រុមហ៊ុនHuawei ។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំង ក៏រិះគន់ក្រុងឡុងដ៍ថា មិនគោរពតាមគោលការណ៍ទីផ្សារសេរីទៀតផង ដែលសកម្មភាពបែបនេះ នឹងរងការវាយបកវិញមិនខាន។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ អ្នកស្រី Hua Chunying ចាត់ទុកការសម្រេចចិត្តរបស់អង់គ្លេសក្នុងការហាមឃាត់បច្ចេកវិទ្យាក្រុមហ៊ុនចិន ជាវិធានការធ្វើឡើងដោយគ្មានព័ស្តុងតាងជាក់ស្ដែង និងពឹងផ្អែកលើហានិភ័យដែលមិនបានកើតឡើងអ្វីសោះ។ ពោលគឺអង់គ្លេសចូលដៃចូលជើងជាមួយអាមេរិកដើម្បីរុញក្រុមហ៊ុនចិនទៅម្ខាងប៉ុណ្ណោះ ដែលវាបានបំពានច្បាស់ៗគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងបញ្ញត្តិពាណិជ្ជកម្មសេរីក៏ដូចជាប៉ះពាល់កិច្ចសហប្រតិបត្តិការចិន-ចក្រភពអង់គ្លេសផងដែរ។
អ្នកស្រី Hua ឆ្លើយតបនឹងសំណួររបស់សារព័ត៌មានអង់គ្លេស BBC ពាក់ព័ន្ធជំហររបស់ចិនអំឡុងពេលសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ខែកក្កដាម្សិលមិញនេះ អ្នកស្រីបញ្ជាក់ថា៖«ចិននឹងវាយតម្លៃការវិវត្តស្ថានការណ៍មួយនេះដោយម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ហើយនឹងចាត់វិធានការចាំបាច់ដើម្បីការពារភាពស្របច្បាប់ និងប្រយោជន៍តាមផ្លូវច្បាប់របស់ក្រុមហ៊ុនចិន» ។ប៉ុន្តែមន្ត្រីចិនរូបនេះមិនបញ្ជាក់ឲ្យច្បាស់ពីការឆ្លើយឡើយ តែថែមមួយឃ្លាថា «ទទួលផលនូវអ្វីដែលបានធ្វើ»។
អ្នកនាំពាក្យរូបនេះក៏ចោទជាសំណួរទៅអង់គ្លេសវិញថា តើចង់មានការសម្រេចចិត្តដោយខ្លួនឯង ឬក៏សុខចិត្តធ្វើជាកូនចៅ ឬធ្វើតាមការបញ្ជារបស់អាមេរិក? ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស នៅថ្ងៃទី១៤ ខែកក្កដាថ្មីៗនេះ បានប្រកាសថា នឹងលែងទិញគ្រឿងបរិក្ខារអ៉ីនធើណេត 5G ពីក្រុមហ៊ុនHuawei ចាប់ពីឆ្នាំ២០២១ ទៅ ហើយនឹងរើចោលគ្រឿងបរិក្ខារមានស្រាប់ក្នុងរយៈពេល៧ឆ្នាំខាងមុខ។ វិធានការការពារសន្តិសុខជាតិដែលត្រូវបានមើលឃើញថា ធ្វើតាមការទាមទាររបស់អាមេរិក ធ្វើឲ្យទីក្រុងប៉េកាំងខាងសម្បារយ៉ាងខ្លាំងដោយបានរិះគន់អង់គ្លេសខ្លាំងៗ រហូតគំរាមចាត់វិធានការតបវិញទៀតផង។
សូមជម្រាបថា ក្រុមហ៊ុនHuawei បានក្លាយជាចំណុចមួយក្នុងចំណោមសំណុំរឿងរាប់ជំពូកក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។បន្ទាប់ពីអាមេរិក បានទទូចឲ្យប្រទេសនានាកាត់ផ្ដាច់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិនមួយនេះ បើពួកគេមិនចង់រងគ្រោះដោយសារការលួចទិន្នន័យនោះ។ មុនអង់គ្លេស អាមេរិកបានអូសកាណាដាឲ្យចូលក្នុងសង្វៀននេះតាមរយៈការចាប់ខ្លួនមន្ត្រីហិរញ្ញវត្ថុHuawei ។ បច្ចុប្បន្ន ទំនាក់ទំនងចិននិងកាណាដា ធ្លាក់ដល់ចំណុចទាបបំផុត៕
ដោយ៖ស តារា