ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខនិងនគរបាលប៉ុស្តិ៍ទឹកថ្លាបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូនិងកាបូបលុយរបស់នារីម្នាក់បានសម្រេចហើយគេចខ្លួនបាន១២ម៉ោង។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៤និង០០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកសុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង០០នាទីទៀបភ្លឺថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ សុខ វ៉ាន់ដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួច(លួចម៉ូតូ និង កាបូបស្ពាយមានប្រាក់និងទូរស័ព្ទដៃ) របស់នារីម្នាក់ឈ្មោះ តឿ ចាន់ទី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ ។
លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា ក្រោយពីទទួលពាក្យបណ្តឹងពីនារីរងគ្រោះហើយលោកបានរាយការណ៍ជូនថ្នាក់លើក្នុងនោះក៏មានការដឹកនាំដោយលោកគួច សុភា អធិការរងខណ្ឌសែនសុខ តំណាងលោកអធិការខណ្ឌ រួមសហការជាមួយកម្លាំងប៉ុស្តិ៍ទឹកថ្លាធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាននិងដកហូតម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1AG-7421 ជារបស់ជនរងគ្រោះយកមកវិញប្រគល់ជូនម្ចាស់។
សម្ភារបាត់បង់មានទូរស័ព្ទដៃ២គ្រឿង . កាបូបស្ពាយ១ , ចិញ្ចៀន១វង់ . លុយដុល្លារ១០០ដុល្លារ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ ចន្ទ លីហ្សា