ព័ត៌មានទាន់ហេតុការណ៍៖

ប្តូរពីភាពសិចស៊ី មាន សូនីតា រំលេចឈុតក្រមាច្នៃសម្រាប់កូនក្រមុំថ្ងៃពិសេស

ចែករំលែក៖

ភ្នំពេញ៖ បង្ហាញរូបភាពសិចស៊ីតាមរយៈរូបរាងស្រឡូនអស់ជាច្រើនបន្តបន្ទាប់ ពេលនេះ តារាសម្តែង មាន សូនីតា បានប្តូរមកគ្រងឈុតកូនប្រមុំយ៉ាងស្រស់សោភា និងទន់ភ្លន់។ ឈុតពិសេសនេះត្រូវបានអ្នកជំនាញច្នៃពីក្រមា យ៉ាងប្រណិតដែលជាការបំផុសមួយដ៏គួរឲ្យចាប់អារម្មណ៍។
​នេះគឺជាលើកដំបូងហើយដែលក្រមាខ្មែរត្រូវបានច្នៃប្រឌិតចេញជាសម្លៀកបំពាក់ប្រណីតសម្រាប់កូនក្រមុំក្នុងថ្ងៃមង្គលការ។ កាន់តែទាក់ទាញ និងផុសផុលគឺក្រោយពីតារាសម្តែងរហស្សនាមរាជនីក្រមា បានបង្ហាញស្នាមញញឹមនិងគ្រងសម្លៀកបំពាក់នេះឡើង។ ឈុតនេះត្រូវបានច្នៃដោយសម្អាងការមួយនៅភ្នំពេញ។ នាងថានេះជាឈុតពិសេសដែលត្រូវបានរៀបចំឡើងសម្រាប់កូនក្រមុំ។ នាងទទួលបានការកោតសរសើរច្រើនពីទស្សនិកជន និងអ្នកគាំទ្រ និងស្នើឲ្យនាងបន្តបំផុសគំនិតច្នៃប្រឌិតលើសម្លៀកបំពាក់ប្រណីតបែបនេះឲ្យបានផុសផុលដើម្បីពង្រីកទីផ្សារនៃការលក់ផលិតផលខ្មែរពិសេសក្រមានេះតែម្តង និងជំរុញឲ្យបរទេសកាន់តែស្គាល់ពីអត្តសញ្ញាណខ្មែរឲ្យបានទូលំទូលាយផងដែរ។
​គួរបញ្ជាក់ដែរថាប៉ុន្មានខែចុងក្រោយនេះ មាន សូនីតា បានបញ្ចេញរូបថតសិចស៊ីច្រើនខុសពីធម្មតា រហូតទទួលបានការរិះគន់មួយចំនួន។ ទោះជាយ៉ាងណាការបញ្ចេញរូបថតទាំងនេះក៏ក្រោយពេលដែលនាងបានក្លាយជាតារាតំណាងផលិតផលថែរក្សាសម្រស់មួយផងដែរ។ នាងនៅតែស្ថិតក្នុងចំណោមតារាសម្តែងស្រីល្បីឈ្មោះ មានទីផ្សារ និងតម្លៃខ្លួនខ្ពស់លើការសម្តែង ៕ដោយ៖វឌ្ឍនា


ចែករំលែក៖