ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាលបណ្តុះបណ្តាលដល់មន្រ្តីឧទ្យានុរក្ស លើការប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថាននិងក្រសួងសុខាភិបាល សហការគ្នារៀបចំវគ្គបណ្តុះបណ្តាលដល់ជនបង្គោលជាមន្រ្តីឧទ្យានុរក្ស ពីការប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឍមណ្ឌលជាតិប្រយុទ្ធនិងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្រ្ត ដោយមានការចូលរួមពីមន្រ្តីឧទ្យានុរក្សមកពីខេត្តព្រះសីហនុ កំពង់ស្ពឺ និងកោះកុង ។

លោកអ៊ុក ណាវ៉ាន់ អគ្គនាយករងនៃក្រសួងបរិស្ថាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ជនបង្គោលជាមន្រ្តីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ព្រោះថាពួកគាត់គឺជាអ្នកប្រឈមខ្លាំងនៅក្នុងការកើតនូវជម្ងឺគ្រុនចាញ់ ដោយសារតែមន្រ្តីឧទ្យានុរក្សគឺជាអ្នកការពារនិងអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសខុសច្បាប់ផ្សេងៗ ដែលកើតមានឡើងនៅតំបន់ការពារធនធានធម្មជាតិ ពិសេសនៅតំបន់ភ្នំនិងក្នុងព្រៃជាដើម ដូច្នេះការយល់ដឹងពីបញ្ហាជម្ងឺគ្រុនចាញ់កត្តាសំខាន់បំផុត ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធនិងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្រ្ត បានបង្ហាញថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺក្នុងគោលបំណងឱ្យមន្រ្តីឧទ្យានុរក្សក្លាយខ្លួនទៅជាជនបង្គោល ដើម្បីផ្តល់សេវាចែកជូនសម្ភារៈ (មុង ថ្នាំលាប) និងធ្វើតេស្ត (ព្យាបាល) ឬអប់រំប្រជាជននិងមន្រ្តីឧទ្យានុរក្ស ដែលរស់នៅនិងប្រតិបត្តិការងារនៅក្នុងតំបន់ការពារធម្មជាតិ និងយល់ដឹងវិធីបង្ការ និងលុបបំបាត់ជម្ងឺគ្រុបចាញ់ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជម្ងឺគ្រុបចាញ់ ឆ្នាំ២០២១-២០២៥ របស់ក្រសួងសុខាភិបាល ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨មក មិនមានអត្រានៃការស្លាប់ដោយសារជម្ងឺគ្រុនចាញ់នោះទេ នេះបានបង្ហាញឱ្យឃើញថា កម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកការលុបបំបាត់ជម្ងឺគ្រុនចាញ់ ឱ្យបានទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខ។

សូមបញ្ជាក់ថាជំងឺគ្រុនចាញ់ គឺជាជម្ងឺដែលឆ្លងពីប្រភពមូសដែកគោលខាំ ហើយនៅប្រទេសកម្ពុជា ជំងឺគ្រុនចាញ់តែងកើតឡើងនៅរដូវវស្សា ហើយភាគច្រើនកើនឡើងនៅតំបន់ដែលមានព្រៃច្រើន សំបូរមូសដែកគោល ដូចជាខេត្តរតនៈគិរី មណ្ឌលគិរី កំពង់ចាម ព្រះវិហារ ប៉ៃលិននិងពោធិ៍សាត់ជាដើម៕

ដោយ៖សហការី


ចែករំលែក៖