ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្រុមមេក្លោងជំនាញឆបោក និងលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា”វីង” បាន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីឆបោក និងលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាវីងដែលតែងតែធ្វើសកម្មភាពលួចដកប្រាក់របស់ជនរងគ្រោះបានជាច្រើនលើក ពេលនេះត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកប្រតិបត្តិការស្រាវជ្រាវរហូតឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះថាជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ ប៊ុត បញ្ញា ភេទប្រុសអាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ (មេក្លោង) ទី២៖ ឈ្មោះ យន្ត ពិភព ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (អ្នកដកលុយ) និងទី៣៖ ឈ្មោះ យស់ ពិទូ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ (អ្នកដកលុយ)

ក្រោយឃាត់ខ្លួន ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ច បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆបោក និងលួចប្រាក់តាមប្រព័ន្ធវីងប្រាកដមែនដោយប្រើវិធីលួចយកលេខកូដសម្ងាត់ពីអតិថិជន តាមរយៈ បណ្តាញសង្គមដោយក្លែងបន្លំគណនីហ្វេសប៊ុក អ្នកលក់អនទ្បាញហើយបានទូរស័ព្ទទៅអតិថិជននោះ ដើម្បីបានទទួលលេខកូដសម្ងាត់វីង និងវិធីមួយទៀតគឺចូលបន្លំខ្លួនធ្វើជាអតិថិជន នៅតាមភ្នាក់ងារវេរលុយ លួចថតលេខកូដសម្ងាត់អតិថិជនផ្សេងទៀតដែលកំពុងតែវេលុយ។ បន្ទាប់ពីបានលេខកូដសម្ងាត់ និងលេខទូរស័ព្ទដែលត្រូវវេលុយរួចហើយឈ្មោះ ប៊ុត បញ្ញា បានប្រើប្រាស់កម្មវិធីAPP COOLER នៅលើទូរស័ព្ទដៃរបស់ខ្លួន ហើយឲ្យឈ្មោះ យន្ត ពិភពនិងឈ្មោះ យស់ពិទូ ទៅបើកប្រាក់តាមភ្នាក់ងារវេលុយវីង។ ពេលភ្នាក់ងារវេលុយពិនិត្យលេខទូរស័ព្ទឆែកមិនឃើញលេខជនឆបោកទេ តែបែរជាឃើញលេខអ្នកទទួលពិតប្រាកដទៅវិញ។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានចាត់ទុកថា សកម្មភាពទាំងនេះរបស់ជនសង្ស័យពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដោយពួកគេបានប្រើបច្ចេកទេសទំនើប ហើយមិនបង្ក្រាបបាននោះទេ ប្រជាពលរដ្ឋមិនតិចឡើយ នឹងរងគ្រោះអស់លុយកាក់មិនតិចឡើយ។ លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ គួរមានការប្រុងប្រយ័ត្ននៅពេលទៅដាក់ប្រាក់នៅតាមកន្លែងផ្ញើប្រាក់ ខ្លាចមានជនសង្ស័យលួចបន្លំនៅក្បែរនោះ ហើយលួចថតយកលេខកូដជាក់ជាមិនខាន។

គួរបញ្ជាក់ដែរថា ក្នុងប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងលោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់

ដោយ៖ស តារា


ចែករំលែក៖