ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចូលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាផ្លូវការ។
សូមជម្រាបថា៖ ពិធីប្រកាសចូលកាន់តំណែងរបស់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយមានការចូលរួម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៍ ព្រះរាជអាជ្ញារង ចៅក្រម ពីភាគីពាក់ព័ន្ធជាច្រើនទៀត
លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេររមកកាន់តំណែងព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ជំនួសតំណែង លោកកែវ សុធា ដែលត្រូវបានផ្ទេរឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។
ក្រៅពីមានការផ្ទេរ លោក ច្រឹង ខ្មៅ, ព្រះមហាក្សត្រ ក៏មានការត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែង ព្រះរាជអាជ្ញាមួយចំនួនទៀត ដូចជា៖
ទី១-លោក វង្ស ប៊ុនវិសុទ្ធ វីរៈព្រះរាជអាជ្ញា ថ្នាក់លេខ៣ តែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
ទី២-លោកគឺ ប៊ុណ្ណារ៉ា វីរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ តែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
ទី៣-លោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្ទេរឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌
ទី៤-លោកលី សុផាណា ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ផ្ទេរមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។
ចៅក្រមកម្មសិក្សាចំនួន៣៩រូបត្រូវបានតាំងស៊ប់ក្នុងឋានន្តរស័ក្តិអនុចៅក្រម នៃក្របខណ្ឌចៅក្រម និងចាត់ឲ្យទៅបំពេញការងារនៅតាមសាលាដំបូងរាជធានី-ខេត្ត ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះនាថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២០ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ នស/រកត/០៧២០/៧៧១ ត្រាស់បង្គាប់តាំងស៊ប់ក្នុងឋានន្តរស័ក្តិអនុចៅក្រម នៃក្របខណ្ឌចៅក្រម ដល់ចៅក្រមកម្មសិក្សា៣៩រូប និងចាត់ឲ្យទៅបំពេញការងារនៅសាលាដំបូងរាជធានី-ខេត្ត ៕ដោយ៖សិលា