ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំចិន៖ កងទ័ពចិនត្រូវពង្រឹងសម្ថភាព លើបច្ចេកវិទ្យាយន្តហោះដ្រូន ខណៈកំពុងដើរតួយ៉ាងសំខាន់ក្នុងសង្គ្រាម

ចែករំលែក៖

អន្តរជាតិ៖ ក្នុងដំណើរទស្សនកិច្ច នៅឯសាកលវិទ្យាល័យយោធាផ្នែកអាកាសមួយ ស្ថិតនៅភាគឦសាននៃប្រទេស ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានអំពាវនាវឲ្យមានការបណ្តុះបណ្តាល អ្នកបើកបរយន្តហោះយោធាបន្ថែមទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តធ្វើ ដើម្បីបង្កើនសមត្ថភាពកងទ័ពរំដោះប្រជាជនចិន (PLA) នាឱកាសនោះ លោកស៊ី បានប្រាប់និស្សិតយោធាទាំងនោះយ៉ាងដូច្នេះថា «ឥឡូវនេះយើងមានយន្តហោះ និងសព្វាវុធការពារដែនអាកាសទំនើបៗ ដូច្នេះយើងត្រូវតែមានស្មារតីជ័យជម្នះ ដែលជាស្មារតីនៃកងទ័ពដ៏ខ្លាំងមួយ»

បន្ថែមពីនេះទៅទៀតលោកប្រធានាធិបតីចិន ក៏បានជំរុញឲ្យកងទ័ពចិនពង្រឹងសម្ថភាព លើបច្ចេកវិទ្យាយន្តហោះដ្រូនគ្មានមនុស្សបើកបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង នៅលើសកលលោកនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានSputnik នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។ មិនតែប៉ុណ្ណោះលោក ស៊ី បានសង្កត់ធ្ងន់ថា «យន្តហោះគ្មានមនុស្សបើក (ដ្រូន) កំពុងផ្លាស់ប្តូរសេណារីយ៉ូសង្គ្រាមយ៉ាងជ្រាលជ្រៅ។ ដូច្នេះវាជាការចាំបាច់បំផុត ក្នុងការពង្រឹងការស្រាវជ្រាវ និងបណ្តុះបណ្តាលឲ្យបានស៊ីជម្រៅនិងលឿនរហ័សលើវិស័យដ៏មានឥទ្ធិពលមួយនេះ»

ដោយឡែកអ្នកវិភាគយុទ្ធសាស្ត្រយោធាមួយរូបលោក ចូវ ចិនមីង បានលើកឡើងដែរថា «ប្រទេសចិនត្រូវការអ្នកបើកយន្តហោះចម្បាំងជាច្រើននាក់បន្ថែមទៀត ដោយសារតែមានការជំរុញយ៉ាងឆាប់រហ័ស ចំពោះកងទ័ពអាកាសរបស់ខ្លួន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»

គួរបញ្ជាក់ថា ការកត់សម្គាល់ពីសំណាក់ប្រធានាធិបតីបែបនេះ ធ្វើឡើងចំពេលដែលស្ថានការណ៍ភូមិសាស្ត្រនយោបាយ នៅសមុទ្រចិនខាងត្បូងកាន់តែក្តៅគគុកឡើង ក្រោយពីសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធការពារដែនអាកាសមួយ នៅឯសមុទ្រចិនខាងត្បូង កាលពីដើមខែនេះ។

បើតាមប្រភពពីសារព័ត៌មាន អាក់ស៊ីយ៉ូស ( Axios) បានរាយការណ៍ថារដ្ឋបាលលោក ត្រាំ និងក្រុមវិនិយោគិនអាមេរិក កំពុងនៅពីក្រោយការគាំទ្រក្រុមហ៊ុនក្នុងស្រុកមួយចំនួនធំ ដើម្បីអភិវឌ្ឈន៍យន្តហោះដ្រូនគ្មានមនុស្សបើកនេះ និងជម្រុញការលក់ កាន់តែទូលាយជាងមុនទៅកាន់ទីផ្សារបរទេស៕ដោយ៖ស តារា


ចែករំលែក៖