ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញរួមជាមួយអាជ្ញាធរខណ្ឌដង្កោ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពកាយយកអាចម៍ដីចេញពីប្រឡាយបឹងហា ដែលម្ចាស់បុរីឃាង ហេងចាក់ដីចូលទៅក្នុងប្រឡាយបិទផ្លូវទឹកបណ្ដាលឲ្យលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្ដី បានឲ្យដឹងនៅថ្ងៃទី២៧ខែកក្កដានេះថា កាលពីចុងសប្ដាហ៍កន្លងមកនេះ ពោលគឺក្រោយពីទទួលព័ត៌មានថា ម្ចាស់បុរីឃាង ហេងបានចាក់អាចម៍ដីចូលទៅក្នុងប្រឡាយបឹងហា បណ្ដាលឲ្យលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោនោះមក អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក៏បានបញ្ជាឱ្យអាជ្ញាធរខណ្ឌដង្កោនិងមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះទៅធ្វើការត្រួតពិនិត្យមើលទីតាំងខាងលើ។ក្រោយពីឃើញសកម្មភាពចាក់ដីចូលប្រឡាយបែបនេះ អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យក្រុមការងារចុះកាយដីនោះចេញជាបន្ទាន់ដើម្បីធ្វើយ៉ាងណាកុំឲ្យទឹកលិចលង់លំនៅឋានប្រជាពលរដ្ឋបន្តទៀត។ ក្នុងសកម្មភាពនោះក្រុមការងារដែលដឹកនាំដោយអាជ្ញាធររាជធានីភ្នំពេញ បានអោយមន្ទីរជំនាញធ្វើការកាយដីចេញពីប្រឡាយ១ផ្នែកបានប្រវែង៦០ម៉ែត្រនិងឱ្យម្ចាស់បុរីកាយអាចម៍ដីចេញពីប្រឡាយនេះជាច្រើនម៉ែត្រផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ផ្នែកជំនាញ បានបញ្ជាក់ឲ្យដឹងថា៖ មូលហេតុដែលបណ្ដាលឱ្យមានការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅភូមិថ្មីនៅក្រោយសាលាខណ្ឌដង្កោនេះ គឺដោយសារតែម្ចាស់បុរីឃាង ហេង បានចាក់ដីចូលទៅក្នុងប្រឡាយ បិទផ្លូវទឹកទើបធ្វើឱ្យទឹកហូរមិនទាន់បង្កឱ្យមានការលិចលង់លំនៅឋានប្រជាពលរដ្ឋ ។តែក្រោយពីកាយអាចម៍ដីប្រវែងប្រមាណ២០០ម៉ែត្រដែលចាក់ចូលប្រឡាយនេះ ទឹកក៏បានស្រកពីភូមិដ្ឋានប្រជាពលរដ្ឋអស់ដែរ៕ ដោយ៖ សំរិត