អន្តរជាតិ៖ កម្លាំងទាហានក្រុមឧទ្ទាមកូឡុំប៊ីនៅថ្ងៃទី២៨ខែកក្កដា បានចេញច្បាប់បម្រាមដោយផ្ទាល់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ក្នុងប្រទេសនេះ ហើយអ្នកដែលបំពានច្បាប់នឹងត្រូវបាញ់សម្លាប់ ។
តាមសារព័ត៌មាន Washington Post បានផ្សាយថា នៅក្នុងប្រទេសតំបន់អាមេរិកខាងត្បូង មានពលរដ្ឋជាង៥០លាននាក់នេះ មានក្រុមខ្មាន់កាំភ្លើងបានចេញច្បាប់ នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយអ្នកដែលបំពាននឹងត្រូវទទួលការដាក់ទោសធ្ងន់បំផុត គឺបាញ់សម្លាប់ចោលតែម្តង។
នៅក្នុងទីក្រុងកំពង់ផែTumaco ដែលជាទីតាំងជួញដូរគ្រឿងញៀនធំបំផុតនៅតំបន់ភាគខាងត្បូង ប្រទេសកូឡុំប៊ី ក្រុមឧទ្ទាមបានព្រមានថា អ្នកដែលបំពានច្បាប់បម្រាមនឹងត្រូវបាញ់សម្លាប់ចោល។
នាង Paredes ជិះនៅលើរថយន្ត របស់មិត្តប្រុសនាងត្រឡប់ទៅផ្ទះវិញបានគិតថា នឹងជួបសំណាងល្អ ។ ប៉ុន្តែកម្លាំងទាហានក្រុមឧទ្ទាម បានបាញ់ទៅលើរថយន្តនាងជិះ ហើយគ្រាប់កាំភ្លើងបានចាក់ទម្លុះរថយន្តម៉ាក SUV។ នាង Paredes ត្រូវ៣គ្រាប់កាំភ្លើងចំជើង ចំណែកមិត្តប្រុសរបស់នាងត្រូវ គ្រាប់ចំស្មា និង មុខ។
អ្នកទាំងពីរបានសុំអង្វរករទុកជីវិត ហើយក៏ត្រូវបានដោះលែងដោយការព្រមាន ជាច្រើន៕ដោយ៖ធី រីណា