ព័ត៌មានទាន់ហេតុការណ៍៖

ព្រលានយន្តហោះសុវណ្ណភូមិប្រទេសថៃ កំពុងពង្រីកខ្លួនឲ្យកាន់តែធំជាងមុន ខណៈតុបតែងលម្អសុទ្ធតែរចនាប័ទ្មបុរាណ ដើម្បីបង្អួតវប្បធម៌ទៅកាន់ភ្ញៀវអន្តរជាតិ

ចែករំលែក៖

អន្តរជាតិ៖ យោងតាមប្រភពព័ត៌មានពីអ្នកលេងបណ្ដាញហ្វេសប៊ុករបស់ប្រទេសថៃ បានបង្ហោះតៗគ្នាដែលទាក់ទងនឹងគម្រោងសាងសង់នៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ ស្ថិតនៅក្នុងទីក្រុងបាងកក ដែលយើងសង្កេតឃើញថា ពីរចនាប័ទ្មសិល្បៈបុរាណដែលប្រទេសថៃផ្ទាល់គ្រោងត្រៀមបង្អួតភ្ញៀវអន្តរជាតិ នៅពេលដែលពួកគេនឹងមកដល់ទឹកដីរបស់ខ្លួន ដើម្បីជាការបង្ហាញពីអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួន។ វាពិតជាគួរឱ្យសរសើរមែនទែន ដោយសារការដាក់បង្ហាញវប្បធម៌ក្នុងព្រលានយន្តហោះបែបនេះដោយមានន័យថា នៅពេលដែលភ្ញៀវទេសចរចុះពីលើយន្តហោះភ្លាម ពួកគេនឹងអាចឃើញពីការលម្អទាំងនេះភ្លែត។

សូមជម្រាបថា រូបភាពនៃគម្រោងសាងសង់ពង្រីកបន្ថែមរបស់ព្រលានយន្តហោះសុវណ្ណភូមិ (Suvarnabhumi Airport) ឬព្រលានយន្តហោះបាងកកនេះ ដែលការពិតទៅវាមិនមែនជារឿងថ្មីថ្មោងនោះទេ គឺប្រទេសថៃ បានតែងតែរៀបចំឲ្យមានចម្លាក់ ការតាំងលម្អ និងរចនាប័ទ្មបុរាណផ្សេងៗ ដើម្បីបង្អួតក្នុងព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន។

បើយោងតាមការចុះផ្សាយរបស់ Siam Rath វាគឺជាគម្រោងការអភិវឌ្ឍន៍ព្រលានសុវណ្ណភូមិជំហានទី២ (Suvarnabhumi Airport Development Project Phase 2) ដោយព្រលានយន្តហោះមុនទទួលភ្ញៀវអន្តរជាតិបានប្រមាណ ៤៥លាននាក់ ក្នុងមួយឆ្នាំ ហើយការពង្រីកបន្ថែមព្រលានយន្តហោះថ្មីនេះ

នឹងជួយឲ្យប្រទេសថៃរំពឹងថានឹងមានសមត្ថភាពទទួលភ្ញៀវបានរហូត៦០លាននាក់ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ទីភ្នាក់ងារ រ៉យទ័រ គូសបញ្ជាក់ថា ព្រលាននេះត្រូវចំណាយទឹកប្រាក់ប្រហែល ២ពាន់លានដុល្លារអាមេរិក ហើយក៏គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០ នេះផ្ទាល់តែម្ដង ៕ស តារា


ចែករំលែក៖