ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ​ មិនទាន់អាចដំណើរការវិញដូចដើមមុនឆ្នាំ​២០២៤ឡើយ

ចែករំលែក៖

អន្តរជាតិ៖ សមាគមន៍ដឹកជញ្ជូន​តាមដែនអាកាសអន្តរជាតិ(IATA) បានប្រកាស​នៅថ្ងៃទី​២៩ ខែកក្កដាថា​ សកម្មភាព​ដឹកជញ្ជូនតាមដែនអាកាសមិនទាន់អាចវិលត្រឡប់មកដូចដើមវិញ​នៅមុនឆ្នាំ​២០២៤នោះឡើយ​ ដោយសារតែកូវីដ​-១៩​។
នៅពេលនេះ(IATA) បានបន្ថយពេលវេលា​ព្យាករដល់ឆ្នាំ​២០២៤ ដោយសារតែការផ្ទុះកូវីដ​-១៩​ជាលើកទីពីរ​កើនឡើងខ្ពស់នៅគ្រប់ទិសទីជុំវិញពិភពលោក​។ តាមអ្នកឯកទេសសេដ្ឋកិច្ចរបស់(IATA) លោកBrian Pearce បានបញ្ជាក់ថា វិស័យអាកាសចរណ៍​កំពុងប្រឈមដំណាក់កាលអាក្រក់បំផុតមិនធ្លាប់មាន​ចាប់តាំងពីខែមេសាឆ្នាំ​២០២០មក។ វិស័យអាកាសចរណ៍ នឹងដំណើរការដូចដើម​នៅពេលដែល​ពលរដ្ឋនៅអឺរ៉ុប អាមេរិក និងចិន មានទំនុកចិត្ត​ក្នុងការធ្វើជំនួញអាជីវកម្មរបស់ខ្លួនឡើងវិញ។
ការធ្វើដំណើរតាមយន្តហោះនៅលើពិភពលោក ក្នុងខែមិថុនាឆ្នាំ​២០២០ បានថយចុះដល់ទៅ៨៦,៥ភាគរយ​បើប្រៀបធៀបដំណាក់កាលដូចគ្នាឆ្នាំ​២០១៩។ ក្នុងចំណោមការហោះហើរ ប្រទេសចិន​ដំណើរការបានល្អជាងគេ ដោយសារតែការបើកទ្វារសេដ្ឋកិច្ច​។ ចំណែកនៅអាមេរិកបានធ្លាក់ចុះដោយសារតែការឆ្លងរាលដាលកូវីដ-​១៩ នៅតែបន្តកើនឡើងខ្ពស់។
តាមរបាយការណ៍ស្តីពីការហោះហើរ​នៅលើពិភពលោក​ ចំនួនជើងហោះហើរក្នុងស្រុក​នៅលើពិភពលោក​មានតែ ៦២,៩ភាគរយប៉ុណ្ណោះ គឺទាបបំផុត ។ ចំណែកជើងហោះហើរអន្តរជាតិមានតែ ៣៨,៩ភាគរយប៉ុណ្ណោះ៕ដោយ៖ធី រីណា

IMG_1483


ចែករំលែក៖