អន្តរជាតិ៖រលកកម្តៅកំពុងសាយភាយពេញមជ្ឈិមបូព៌ានិងរដ្ឋធានីអុីរ៉ាក់ ដោយមានសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គឺដល់ទៅ ៥១,៨ អង្សាសេ។កម្រិត៥១,៨នេះគឺក្តៅខ្លាំងណាស់បានបង្ខំឲ្យពលរដ្ឋត្រូវនៅក្នុងផ្ទះ ចំណែកអ្នកលក់ចល័តត្រូវរកកន្លែងមានម្លប់ឈើដែលអាចជួយកាត់បន្ថយកម្តៅ។ ដោយសារតែបណ្តាញអគ្គិសនីដំណើរការមិនប្រក្រតីធ្វើឲ្យក្រុមគ្រួសារជាច្រើនត្រូវពឹងផ្អែកលើម៉ាស៊ីនភ្លើង ដើម្បីដំណើរការទូទឹកកកឬម៉ាស៊ីនត្រជាក់ ធ្វើឱ្យមានសំឡេងម៉ាស៊ីនខ្លាំងៗគ្រប់ទីកន្លែង នៅតាមដងផ្លូវនៃទីក្រុងបាដាដ។
កន្លងមក ពលរដ្ឋបាននាំគ្នាធ្វើបាតុកម្ម នៅទីក្រុងបាដាដ ដោយសារតែកង្វះអគ្គិសនីក្នុងរដូវក្តៅ។ ការធ្វើបាតុកម្មបណ្តាលឲ្យមានការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ បង្ខំឲ្យសន្តិសុខបាញ់សម្លាប់បាតុករ២នាក់កាលពីថ្ងៃទី២៨ខែកក្កដា។
កន្លងមកថ្មីៗនៅក្នុងប្រទេសឥណ្ឌា ក៏បានរងការវាយប្រហារដោយរលកកម្តៅដែលមានសីតុណ្ហភាព កើនឡើងជាង៥០ អង្សាសេផងដែរ បណ្តាលឲ្យមានអ្នកស្លាប់រាប់សិបនាក់ ។
បម្រែបម្រួលអាកាសធាតុ ជាមូលហេតុបណ្តាលឲ្យមានរលកកម្តៅវាយប្រហារគ្រប់ទិសទីជុំវិញពិភពលោក ។កន្លងមកនៅប្រទេសតំបន់អឺរ៉ុបអាមេរិក អូស្ត្រាលិ ក៏រងការវាយប្រហារដោយរលកកម្តៅផងដែរ បង្កឲ្យមានភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ៕
ដោយ៖ធី រីណា