អន្តរជាតិ៖ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ម្សិលមុិញនេះក្រសួងយុត្តិធម៌អាមេរិក បានប្រកាសថា ពួកគេបានឃាត់ខ្លួនក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ ដែលជាមេក្លោងក្នុងការ Hack គណនីបុគ្គលល្បីៗនៅលើបណ្តាញសង្គម Twitter ដែលរួមមានទាំង បេក្ខភាពប្រធានាធិបតីគឺលោកJoe Biden អតីតប្រធានាធិបតី Barack Obama និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk –ល– ។
ក្រសួងយុត្តិធម៌ បញ្ជាក់ទៀតថា ប៉ូលិសក៏បានឃាត់ខ្លួនមនុស្ស ២នាក់ផ្សេងទៀត ដែលបានជួយនៅក្នុងការបោកប្រាស់នេះ ដោយមានម្នាក់ជាជនជាតិអង់គ្លេស អាយុ ១៩ឆ្នាំ និងម្នាក់ទៀតជាជនជាតិអាមេរិក អាយុ២២ឆ្នាំ នៅអូឡិនដូ រដ្ឋផ្លរីដា ។
សូមជម្រាបថា មេក្លោងនៅក្នុងការ Hack នេះឈ្មោះថា Graham Clark មានអាយុទើបតែ ១៧ឆ្នាំ និងទើបតែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាជននេះត្រូវបានមេធាវីរដ្ឋផ្លរីដាចោទប្រកាន់ដូចមនុស្សពេញវ័យធម្មតាដែរ ជាមួយនឹងបទឧក្រិដ្ឋនៃការក្លែងបន្លំរហូតដល់ទៅ៣០ ករណីឯណោះ។
បើតាមប្រភពនិយាយថា Graham Clark បានចំណូលរហូតដល់ទៅ១០០,០០០ ដុល្លារអាមេរិក ក្រោយប្រើគណនីបុគ្គលសំខាន់ៗទាំងនោះទៅបោកប្រាស់អ្នកប្រើប្រាស់គណនី Twitter ផ្សេងទៀត ឲ្យផ្ញើលុយចូលទៅគណនី Bitcoin ចំនួន ១,០០០ ដុល្លារ ក្រោមថ្នូរនឹងលុយ២,០០០ ដុល្លារវិញ។
គួរបញ្ជាក់ថា នៅក្នុងការ Hack ក្នុងបណ្ដាញ Twitter ដើម្បីស្វែងរកការវិនិយោគនៅក្នុងរូបិយប័ណ្ណឌីជីថល Bitcoin ទៅលើគណនីមានverified ទាំង ៤៥ នៅលើបណ្ដាញសង្គមនេះ ខាងក្រុមហ៊ុន Twitter ក៏បាននិយាយថាពួក Hacker ក៏ប្រហែលជាអានសារផ្ទាល់មួយចំនួនរួមទាំងសាររបស់មន្ត្រីជាប់ឆ្នោតប្រទេសហូឡង់ផងដែរ។ ជនល្មើស Graham Clark ក៏ទំនងជាទទួលបានប្រាក់ច្រើនជាង ១០០,០០០ ដុល្លារតាមរយៈនេះផងដែរ៕
ដោយ៖ស តារា