ព័ត៌មានទាន់ហេតុការណ៍៖

ទាហានថៃជាច្រើនឆ្លងកូវីដ​-១៩​ក្រោយចូលរួមធ្វើសមយុទ្ធជាមួយអាមេរិក

ចែករំលែក៖

អន្តរជាតិ៖ ក្រសួងការពារជាតិថៃបានប្រកាសកាលពីថ្ងៃទី​២ ខែសីហា​​ថា កម្លាំងទាហានថៃ​បានសម្រេចផ្អាករាល់សកម្មភាពធ្វើសមយុទ្ធជាមួយទាហានអាមេរិក ក្រោយពីទាហានថៃ​​៩នាក់ធ្វើតេស្ត​រកឃើញវិជ្ជមានកូវីដ​-១៩​ បន្ទាប់ពីចូលរួមធ្វើសមយុទ្ធនៅកោះហាវ៉ៃជាមួយទាហានអាមេរិករួចមក។
កម្លាំងទាហានថៃ១៥១នាក់ទើបតែវិលត្រឡប់មកពីកោះហាវ៉ៃអាមេរិក បន្ទាប់ពីចូលរួមធ្វើសមយុទ្ធមានឈ្មោះថា Lightning Forge 2020 ក្នុងរយៈពេល៣សប្តាហ៍ កាលពីខែកក្កដា​។ ក្នុងចំណោមទាហាន​១៥១នាក់ដែលវិលត្រឡប់មកវិញមាន​៩នាក់ឆ្លងកូវីដ-១៩ ចំណែកទាហានផ្សេងទៀតត្រូវបានកាត់ផ្តាច់​ដើម្បីតាមដាន។
អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោកKongcheep Tantawanich បានឲ្យដឹងថា​«កម្លាំងទាហានប្រទេសនេះសម្រេច​ផ្អាករាល់សកម្មភាពបញ្ជូនទាហានទៅក្រៅប្រទេស រហូតដល់ស្ថានភាពនៃការឆ្លងកូវីដ-១៩គ្រប់គ្រងបានទាំងស្រុង​។​ជាមួយគ្នានេះដែរថៃក៏បានសម្រេចផ្អាកធ្វើសមយុទ្ធក៏ដូចរាល់ការហ្វឹកហាត់ជាមួយទាហានអាមេរិក។
លោក Nattapon Srisawat ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ​-១៩​នៅក្នុងប្រទេសថៃ​​បានឲ្យដឹងថា កម្លាំងទាហានត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវធ្វើដំណើរចេញចូលក្រៅប្រទេសឡើយ​។
មកទល់ពេលនេះថៃមានករណីឆ្លងកូវីដ​-១៩​កើនឡើងដល់ទៅ​ ៣.៣១៧នាក់ក្នុងនោះមាន៥៨នាក់ស្លាប់​។ ភាគច្រើនអ្នកឆ្លងកូវីដ​-១៩ នៅក្នុងប្រទេសថៃ គឺវិលត្រឡប់មកពីក្រៅប្រទេស​។ កន្លងមក​ថៃ បានទប់ស្កាត់ការឆ្លងបានយ៉ាងល្អបំផុត ដោយមិនមានអ្នកឆ្លងក្នុងសហគមន៍រយៈពេល ៦៩ថ្ងៃ៕ដោយ៖ធី រីណា


ចែករំលែក៖