ភ្នំពេញ៖ ករណីនារីម្នាក់ ជាបុគ្គលិកកាស៊ីណូ Good Luck ក្នុងក្រុងបាវិតដែលត្រូវអ្នករត់តាក់ស៊ីរំលោភ រួចសម្លាប់យ៉ាងសាហាវនៅខេត្តស្វាយរៀងកាលពី៣ឆ្នាំមុននោះ រហូតមកដល់ពេលនេះនៅពុំទាន់ទទួលបានយុត្តិធម៌នូវឡើយទេ ខណៈដែលក្រុមគ្រួសារនៃសពនារីរងគ្រោះ បានចំណាយទាំងថវិកានិងពេលវេលាយ៉ាងច្រើន ដើម្បីចូលរួមតាមនីតិវិធីរបស់តុលាការ ស្របពេលជនជាប់ចោទបន្តប្តឹងទៅសាលាឧទ្ធរណ៍ និងតុលាការកំពូល ប្រឆាំងនិងការសម្រេចតុលាការខេត្ត ដែលផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត ។
ជាក់ស្តែងបើយោងតាម គណនីហ្វេសប៊ុកមួយឈ្មោះ «បង រី» បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២ ខែសីហាឆ្នាំ២០២០ម្សិលមុិញនេះថា៖ «ថ្ងៃនេះថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃគម្រប់ខួប៣ឆ្នាំរបស់ក្មួយស្រីខ្ញុំ ដែលត្រូវបានអ្នករត់តាក់ស៊ីរំលោភសម្លាប់យ៉ាងព្រៃផ្សៃនៅខេត្តស្វាយរៀង ។ អស់រយៈពេលបីឆ្នាំហើយ ដែលគ្រួសារខ្ញុំរង់ចាំទទួលពន្លឺយុត្តិធម៌ តើពេលណាទៅទើបផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារខ្ញុំ ។គ្រួសារខ្ញុំត្រូវឡើង ចុះតុលាការខេត្តស្វាយរៀងបីដងហើយនៅតែដដែល ។ ក្រោយមកទៀតឡើងសាលាឧទ្ធរណ៍នៅភ្នំពេញពីរដងទៀត ក្រុមគ្រួសារខ្ញុំត្រូវចំណាយលុយអស់ជាច្រើន សម្រាប់ធ្វើដំណើរឡើងតុលាការជាច្រើនដង និងខាតពេលវេលារកស៊ីច្រើនណាស់»។
ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបន្តថា៖ «ក្នុងរយៈពេលបីឆ្នាំនេះការឈឺចាប់នៅតែកើនឡើងដោយសារតែផ្លូវសម្រាប់ដើរទៅរកយុត្តិធម៌នៅមិនទាន់ទៅដល់គោលដៅ ។ ខ្ញុំបានបង្ហោះសារនេះតាមប្រព័ន្ធហ្វេសប៊ុកជាច្រើនដង តែដូចគ្មានថ្នាក់ដឹកនាំណាមើលឃើញសោះ នេះហើយដែលធ្វើឲ្យគ្រួសារខ្ញុំមានការឈឺចាប់កាន់តែខ្លាំងទៅៗ សូមថ្នាក់ដឹកនាំ និងក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌និងផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារខ្ញុំផង»។
គួររំលឹកផងដែរថា ជនជាប់ចោទទាំង២នាក់នេះ ដែលជាប់ពាក់ព័ន្ធសកម្មភាពចាប់រំលោភសម្លាប់នារីបំរើការនៅកាស៉ីណូម្នាក់នៅក្រុងបាវិតនោះកំពុងជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង ក្រោមការផ្ដន្ទាទោសពីចៅក្រមអមសាលាដំបូងខេត្តស្វាយរៀង ដាក់ពន្ធនាគារអស់មួយជីវិត ។ ប៉ុន្តែជនជាប់ចោទទាំងពីរនាក់ មិនសុខចិត្តបានប្ដឹងបន្តទៅសាលាឧទ្ធរណ៍ តែត្រូវសាលាឧទ្ធរណ៍ សម្រេចតំកល់សាលក្រមសាលាដំបូងខេត្តស្វាយរៀង ទុកជាបានការដដែល ។ មិនតែប៉ុណ្ណោះជនជាប់ចោទ ក៏បានបន្តប្ដឹងទៅតុលាការកំពូលថែមទៀត តែពេលនេះត្រូវតុលាការកំពូល កំពុងដំណើរការតាមនីតិវិធី។
ទោះបីជា មន្ត្រីជំនាញលើកឡើងពីនីតិវិធី តុលាការកំពូលកំពុងដំណើរការយ៉ាងណាក្តី ក៏ក្រុមគ្រួសារជនរងគ្រោះបានបង្ហោះ ហ្វេសប៊ុកត្អូញត្អែរអំពីចំណាត់ការយឺតយ៉ាវក្នុងការទទួលបានយុត្តិធម៌ពីករណីនេះ និងបានសំណូមពរអោយ ក្រសួងយុត្តិធម៌ និង តុលាការ ពន្លឿនការកាត់ក្ដីដេីម្បីផ្ដល់យុត្តិធម៌ពិតប្រាកដជូនដល់ជនរងគ្រោះ ។
គួរបញ្ជាក់ថា សពនារីរងគ្រោះមាន ឈ្មោះ សុខ ម៉ាលីន អាយុ១៨ ឆ្នាំបុគ្គលិកកាស៊ីណូ Good Luck ក្នុងក្រុងបាវិត មានទីលំនៅនៅខេត្តព្រះវិហារ ហើយត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញសពនៅកណ្ដាលវាលស្រែ ក្នុងភូមិតាពៅ សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង ។ក្រោយមកកម្លាំងសមត្ថកិច្ចជំនាញ សហការស្រាវជ្រាវជាមួយមន្រ្តីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ រហូតឈានដល់ការឃាត់ខ្លួន ជនជាប់ចោទទាំង២នាក់នេះបាន ហើយបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ផងដែរ ៕ដោយ៖សហការី