ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាមានករណីឆ្លងកូវីដ-​១៩ កើនឡើងខ្ពស់​ ហើយមានរដ្ឋមន្ត្រីពីររូបឆ្លងកូវីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី​២ខែសីហា មានមន្ត្រីឥណ្ឌា ពីររូបឆ្លងកូវីដ​-១៩​ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានប្រកាសថា​ លោកបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្រោយការធ្វើតេស្តវិជ្ជមានកូវីដ-​១៩​។ នៅលើបណ្តាញសង្គមTwitterលោក Shah បានអំពាវនាវ​ដល់អ្នកដែលបានជួប​លោក ក្នុងរយៈពេលកន្លងមក ត្រូវកាត់ផ្តាច់ខ្លួន ដើម្បីធ្វើតេស្តស្វែងរកកូវីដ-​១៩។
ក្នុងរយៈពេល​២៤ម៉ោងកន្លងមក​ឥណ្ឌាមានករណីឆ្លងកូវីដ-​១៩ ខ្ពស់បំផុតមិនធ្លាប់មាន​ គឺខ្ពស់ជាងប្រទេសនានាទាំងអស់នៅលើពិភពលោក។ ឥណ្ឌាមានអ្នកឆ្លងខ្ពស់ជាង ទាំងអាមេរិក និងប្រេស៊ីល ក្លាយជាប្រទេសមានអ្នកឆ្លងច្រើនជាងគេនៅលើពិភពលោក ដោយមានអ្នកឆ្លងដល់ទៅ​ 52.783 នាក់ ក្នុងពេល​២៤ម៉ោង។ នេះជាថ្ងៃទី​៥ហើយដែលប្រទេសអាស៊ីភាគខាងត្បូង​មួយនេះមានអ្នកឆ្លងលើសពី​៥ម៉ឺននាក់​ក្នុងមួយថ្ងៃ។
ប៉ុន្តែប្រទេសមាន​ពលរដ្ឋជាង​១,៣ពាន់លាននាក់នេះមានអ្នកស្លាប់ដោយកូវីដ-​១៩ថយចុះ ពី ៣,៣៣ភាគរយកាលពីខែមិថុនា​នៅសល់២,១៥ភាគរយ​នៅខែកក្កដា​ គឺជាកម្រិតទាបបំផុតចាប់តាំងពីការបិទប្រទេសនៅថ្ងៃទី​២៥ ខែមីនា។
គិតដល់វេលាម៉ោង​២រសៀលថ្ងៃទី៣ ខែសីហា​​ ឥណ្ឌាមានករណីឆ្លងកូវីដ-​១៩​សរុប 1,807,222 នាក់ ស្លាប់ 38,176នាក់ និងព្យាបាលជាសះស្បើយ1,188,389នាក់​ផងដែរ​៕ធី រីណា


ចែករំលែក៖