ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់លោកអើយ! ទារិកាម្នាក់ទើបនិងកើត ត្រូវឪពុកម្តាយចិត្តអប្រិយយកបោះចោលលើគំនរសំរាម ត្រូវពលរដ្ឋប្រទះឃើញយកទៅចិញ្ចឹម

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម បានឮសូរសម្លេងក្មេងយំក៏ដើររកមើល ស្រាប់តែប្រទះឃើញទារិកាម្នាក់ ដែលទើបនឹងកើតថ្មីៗ ខណៈដែលឪពុកម្ដាយចិត្តអប្រិយយកទៅបោះចោលនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង តែសំណាងល្អទារិកានោះនៅមានជីវិតនៅឡើយ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង

ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ នៅជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

បើតាមសម្ដីលោកស្រី លី ឃាង សមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោមបានអះអាងថា កាលពីរសៀលថ្ងៃទី០៣ ខែសីហា ម្សិលមុិញនេះ មានបុរសស្រី្តពីរនាក់ប្ដីប្រពន្ធ ដែលជាអ្នករើសទារិកាយកមកចិញ្ចឹម បាននាំទារិកានេះមកសាលាសង្កាត់ចាក់អង្រែក្រោម ដើម្បីធ្វើបែបបទផ្សេងៗពីអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ឲ្យជួយដឹងឮ និងដើម្បីបញ្ចាក់ថា រូបគាត់សុខចិត្តចិញ្ចឹមបីបាច់ថែរក្សាដូចកូនបង្កើតដោយស្របច្បាប់

លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់បន្តថា បើតាមការរៀបរាប់របស់ស្រ្តីខាងលើនេះថា នៅមុនពេលកើតហេតុ រូបគាត់និងប្ដី បានមកលក់ឆាក្ដៅនិងសាច់ក្លែមតាមរទេះដែលទើបមកដាក់លក់នៅទីនោះ បាន៣ថ្ងៃប៉ុណ្ណោះ លុះថ្ងៃប្រទះឃើញ ខណៈពេលប្ដីរបស់គាត់កំពុងអង្គុយហូបអីជាមួយមិត្តភក្តិពីរបីនាក់ទៀត នៅក្បែរកន្លែងលក់ ហើយនៅម៉ោងកើតហេតុ ស្រាប់តែមានរថយន្តដឹកសំរាមស៊ិនទ្រី ដែលមានកម្មករប្រមូលសំរាមដើរតាមប្រមូលសំរាមនិងយករនាស់ដែកចុងស្រួចៗមុខបី កាយសំរាមបោះចូលឃ្លប់រថយន្ត ហើយនៅពេលរថយន្តដឹកសំរាមបើកមកដល់ដើម្បីរង់ចាំឲ្យកម្មករប្រមូលសំរាមមកតាមក្រោយ ស្រាប់តែលឺសម្លេង ក្មេងយំ ង៉ាង៉ា ដោយពេលនោះក៏មានកម្មករនាំគ្នាដើររកមើល ក៏ប្រទះឃើញទារិកានៅមានជីវិតនៅឡើយទើបស្រ្តីជាប្រពន្ធចូលទៅបីយកចេញមកទាំងមានអារម្មណ៍ក្ដុកក្ដួល និងអាណិតអាសូរយ៉ាងខ្លាំង ដោយមិនដឹងថាម្តាយឬឪពុករូបណាក៏ចិត្តអប្រិយបានបង្កើតកូនហើយ បែរជាយកគ្នាមកបោះបង់ចោលដូចសត្វធាតុអញ្ចឹង ដោយក្តីអាណិតក្មេងស្រីរូបនោះ គាត់ក៏រើសបីយកមកបីបាច់ថែរក្សាតែម្ដងនិងប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមទាំងអ្នកភូមិបានដឹងឮផងដែរ។

ប្រភពដដែរបន្តថា នៅព្រឹកថ្ងៃទី៤ ខែសីហានេះ ប្ដីប្រពន្ធខាងលើ បានយកទារិកានេះ យកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យផងដែរ

ក្រោយពីក្រុមគ្រូពេទ្យពិតិន្យរួច ក៏បានប្រាប់ថា ទារិកានេះ គឺមានគ្រប់លក្ខណៈទាំងអស់ តែត្រចៀកម្ខាងមានការហូរឈាមចេញមកដោយសារក្មេងត្រូវគេ បោះបង់ចោលលើគំនរសំរាមធ្វើឲ្យទឹកកាកសំណល់សំរាមផ្សេងៗដែលកខ្វក់នោះ ហូរចូលត្រចៀកម្ខាង ដូច្នេះក្រុមគ្រូពេទ្យពិនិត្យតាមដានបន្តទៀត ដោយ៖សហការី


ចែករំលែក៖