ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយម៉ូតូអ៊ែរប្ល៊ែដស្លាប់១នាក់របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូបុកជាមួយរុឺម៉កម៉ូតូដឹកបន្លែពេញមួយទំហឹងបណ្ដាលឱ្យបុរសជនជាតិវៀតណាមម្នាក់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែក៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវលេខ២៧១ ភូមិ ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

សពជនរងគ្រោះមានឈ្មោះ ប៉ាក់ ស៊ីសឿង ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីជ្រោយបាសាក់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ចំណែកអ្នកបើករុឺម៉កម៉ូតូគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកអ៊ែរប្ល៊ែដ ពណ៌ស ពាក់ស្លាកលេចភ្នំពេញ1CZ-1256 ជិះឌុបគ្នាតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតបណ្ដាលឱ្យមានអ្នកស្លាប់១នាក់ រងរបួសធ្ងន់និងស្រាល៣នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឃើញហេតុការណ៍ក៏បានចុះទៅជួយសង្គ្រោះបឋមហើយបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាននិងទាក់ទងទៅរថយន្តសាម៊ុយដើម្បីមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ចំណែកបុរសម្នាក់ជាជនជាតិវៀតណាមដោយរងរបួសធ្ងន់ធ្ងរពេកពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យជាអកុសលបានដាច់ខ្យល់ស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែងហើយយកម៉ូតូនិងរុឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

IMG_3248

ដោយ៖ ផេង ភាព


ចែករំលែក៖