អន្តរជាតិ៖ កាលពីថ្ងៃទី៤ ខែសីហាម្សិលមុិញនេះ មានករណីផ្ទុះបណ្ដាលឲ្យមនុស្សចំនួន ៧៨នាក់ស្លាប់ និង៤ពាន់នាក់រងរបួស ។ ប៉ុន្តែអាជ្ញាធរ មិនទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ ខណៈប្រតិបត្តិការរុករកអ្នករងគ្រោះ ។
គួរបញ្ជាក់ថា ឧប្បទ្ទវហេតុផ្ទុះចំនួនពីរលើកបន្តបន្ទាប់គ្នានៅក្នុងទីក្រុងបេរូតរបស់ប្រទេសលីបង់ បានបង្កឲ្យមានវិនាសសកម្មយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានីលីបង់ និងប្រជាជនក្នុងទីក្រុង។ មនុស្សយ៉ាងហោចណាស់ ៧៨នាក់ បានបាត់បង់ជីវិត និង ៤ពាន់នាក់រងរបួសចំណែកមនុស្សជាច្រើននាក់ទៀត បានបាត់ខ្លួន។ ការបាក់បែកសំណង់អគារនិងការដាច់ភ្លើងអគ្គិសនី ធ្វើឲ្យអាជ្ញាធរជួបបញ្ហាពិបាកស្វែងរកប្រជាជនដែលបានបាត់ខ្លួន។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera និយាយថា អាជ្ញាធរលីបង់ មិនទាន់រកឃើញមូលហេតុផ្ទុះនៅឡើយទេ។ ប៉ុន្តែគេសង្ស័យថា ករណីផ្ទុះកើតចេញពីឃ្លាំងផ្ទុកសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (Ammonium nitrate) ដែលមានចំនួនប្រមាណ២៧០០តោន នៅកំពង់ផែក្នុងទីក្រុងបេរូតដែលត្រូវបានស្តុកទុកតាំងពីឆ្នាំ២០១៤មក។ សារធាតុគីមីនេះ អាចយកប្រើប្រាស់ជាជី និងជាសមាសធាតុនៃគ្រឿងផ្ទុះផងដែរ។
ដោយឡែកប្រធានាធិបតីលីបង់ លោកMichel Aoun បន្ទាប់ពីមានករណីផ្ទុះនេះកើតឡើង បានកោះប្រជុំក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់ដើម្បីពិភាក្សាបញ្ហាបន្ទាន់។ ចំណែកនាយករដ្ឋមន្ត្រីលីបង់ លោក Hassan Diab បានសន្យារកអ្នកពាក់ព័ន្ធនឹងបញ្ហានេះ មកទទួលខុសត្រូវដោយមិនមានការលើកលែងឡើយ។ ដោយឡែករដ្ឋមន្ត្រីសុខាភិបាលវិញ ក៏បានអំពាវនាវស្វែងរកជំនួយមនុស្សធម៌ផងដែរ។
សូមជម្រាបថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ប្រទេសមួយចំនួន បានផ្ញើសាររំលែកទុក្ខមកជាបន្តបន្ទាប់ ក្នុងនោះមានដូចជាលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្សី, នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន, រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទ្រីន ទ្រូដូ ជាដើម។ បន្ថែមពីលើការរំលែកទុក្ខប្រទេសជាច្រើន ក៏ប្រកាសផ្ដល់ជំនួយបន្ទាន់ផងដែរ៕ដោយ៖ស តារា